(តាកែវ)៖ លោក គូន សារឿន អនុប្រធានក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាលចុះជួយឃុំកណ្តឹង តំណាងលោក ឈឹត បូរ៉ាវុធ ប្រធានក្រុមការងារបក្ស និងរាជរដ្ឋាភិបាលចុះជួយឃុំកណ្តឹងស្រុកបាទី បានលើកឡើងថា ក្នុងរយៈពេល ៤៦ ឆ្នាំ បន្ទាប់ពីទទួលបានជ័យជម្នះពីរបបប្រល័យពូជសាសន៍ ៧ មករា១៩៧៩, ៧ មករា ២០២៥ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់បានកែប្រទេសកម្ពុជាពីការព្រាត់ប្រាស់ បែកបាក់ក្លាយជាប្រទេស ដែលមានការរួបរួមមានសុខសន្តិភាព មានការអភិវឌ្ឍ ដោយសម្រេចបាននូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រលើគ្រប់វិស័យ។
ថ្លែងនៅក្នុងឱកាសជួបជុំបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស មន្រ្តីរាជការប្រារព្វខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧ មករា «១៩៧៩-២០២៥»នៅឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃ ទី ១២ ខែ មករា ឆ្នាំ ២០២៥ លោក គួន សារឿន បានថ្លែងបន្តថា ថ្ងៃ ៧ មករា ជាថ្ងៃប្រវត្តិសាស្រ្តដែលបានសង្គ្រោះជាតិ និងប្រជាពលរដ្ឋកម្ពុជាឲ្យរស់ឡើងវិញ ផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានសម្លាប់ជីវិតប្រជាពលរដ្ឋខ្មែរអស់ជាង ៣លាននាក់ ដូច្នោះបើគ្មានថ្ងៃ ៧ មករា ដែលបានរំដោះ និងសង្គ្រោះជីវិតប្រជាពលរដ្ឋ និងប្រទេសជាតិយើងឲ្យរួចផុតពីរបបព្រៃផ្សៃឃោរឃៅក្នុងនេះទេ តើជីវិតប្រជាពលរដ្ឋខ្មែរប៉ុន្មានលាននាក់ទៀត នឹងត្រូវស្លាប់ ហើយប្រទេសជាតិនឹងត្រូវវិនាសហិនហោចបែបណា។
នៅក្នុងឱកាសនោះលោក គួន សារឿន បានលើកឡើងដែរថា ការប្រារព្ធទិវាជ័យជម្នះ ៧ មករាឆ្នាំនេះ បានប្រព្រឹត្តទៅ ក្នុងដំណាក់កាលនៃការចាប់ផ្ដើមនីតិកាលថ្មីរបស់រាជរដ្ឋាភិបាលជំនាន់ក្រោយបន្តវេន ដឹកនាំដោយសម្ដេចមហាបបរិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញដំណើរប្រកបដោយភាពស្វាហាប់ និងថាមពលរឹងមាំ ជាមួយនឹងការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិចំពោះលទ្ធផលការងាររយៈពេលមកនេះ៕