(តិចសាស, អាមេរិក)៖ ប្រជាពលរដ្ឋខ្មែរនៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក នៅតែចងចាំ និងដឹងគុណជាប់ជានិច្ចចំពោះថ្ងៃជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ​១៩៧៩។ ពួកគេចាត់ទុកថ្ងៃជ័យជម្នះនេះ ជាថ្ងៃរំដោះយកអាយុជីវិត​ជីដូន​ជីតា ឪពុកម្តាយ និងរូបគេផ្ទាល់ចេញពីរបបវាលឃាត និងរណ្តៅមរណៈ​នៃរបប​ប្រល័យពូជសាសន៍ ប៉ុល ពត។

ដើម្បីរំលឹកដល់គុណបំណាច់ថ្ងៃរំដោះ៧មករា ប្រជាពលរដ្ឋខ្មែរនៅក្រុងហ៊ូស្តុន និងមកពីបណ្តាក្រុងនានា ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក បានជួបជុំគ្នា​ប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំនៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥)។ ពិធីនេះបានប្រព្រឹត្តទៅនៅល្ងាចថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក សូ វិសុទ្ធី ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំតំបន់កណ្តាលខាងត្បូង សហរដ្ឋអាមេរិក, លោក ហេង សូដានី និងលោក ហេង គឹមស័រ អនុប្រធាន លោក អ៊ុំ សុជាតិ អនុប្រធានគណៈកម្មាធិការសាខាបក្សប្រចាំ​សហ​រដ្ឋអាមេរិក ក្រុមការងារ និងប្រជាពលរដ្ឋខ្មែរដទៃទៀត ដែលកំពុងរស់នៅក្នុង​រដ្ឋតិចសាសន។

ពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា ត្រូវបានរៀបចំឡើងដោយក្រុមការងារ​រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំតំបន់កណ្តាលខាងត្បូង និង​គណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋតិចសាស សហរដ្ឋអាមេរិក។ ពិធីនេះ មានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករនៅទីក្រុងហ៊ូស្តុន និងទីក្រុងនានា ក្នុងរដ្ឋតិចសាស​ ប្រកបដោយភាពសប្បាយរីករាយ រួបរួម​សាមគ្គី​ជាតិខ្មែរតែមួយ គាំទ្រ និងចងចាំនូវស្មារតី និងគុណូបការៈនៃថ្ងៃរំដោះ​៧មករា។

ថ្លែងក្នុងពិធីនោះ លោក សូ វិសុទ្ធី បានគូសរំលេចពីវីរភាពដ៏អង់អាចក្លាហាន​របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងអ្នកស្នេហាជាតិខ្មែរ ក្រោមការ​ដឹក​នាំរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចពញាចក្រី ហេង សំរិន និង​សម្តេច ជា ស៊ីម បានធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ រហូតវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដណ្តើមបានមកវិញនូវអាយុជីវិត និងសិទ្ធិសេរីភាពគ្រប់បែបយ៉ាងសម្រាប់ជាតិកម្ពុជា។

លោក សូ វិសុទ្ធី ក៏បានគូសរំលេចពីការប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរស្វះស្វែងរកសុខសន្តិភាព និងការផ្សះផ្សារជាតិ ក៏ដូចជា​កិច្ចអភិវឌ្ឍន៍ទាំងឡាយ បន្ទាប់ពីប្រទេសត្រូវបានរំដោះចេញរបបដ៏ខ្មៅ​ងងឹត។

លោក សូ វិសុទ្ធី បានលើកឡើងទៀតថា ការបិទបញ្ចប់ភ្លើងសង្គ្រាម និងសុខសន្តិភាពតាមរយៈនយោបាយឈ្នះ​-ឈ្នះ ចាប់ពីតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បូករួមជាមួយឆន្ទៈដ៏ខ្លាំងក្លា ក្នុង​កិច្ចកសាង និងអភិវឌ្ឍន៍ជាតិរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យ​ជាតិកម្ពុជាមានការរីកចម្រើនយ៉ាងលឿនរហ័ស និងបានធ្វើឱ្យកិត្យានុភាព​ជាតិ ត្រូវបានខ្ពស់ត្រដែតជាថ្មី។

បើតាមលោក សូ វិសុទ្ធី រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយអ្នកបន្តវេន​មាន​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺនៅតែបន្ត​ការ​ពារ​យ៉ាងរឹងមាំនូវស្មារតីថ្ងៃជម្នះ៧មករា សុខសន្តិភាព និងស្ថេរភាពនយោបាយ ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍កម្ពុជា ឈានឆ្ពោះទៅសម្រេចគោលដៅកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមាន​ចំណូល​ខ្ពស់ឆ្នាំ២០៥០។

លោក សូ វិសុទ្ធី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរនៅរដ្ឋតិចសាស បើទោះបីឃ្លាតឆ្ងាយស្រុក ប៉ុន្តែបន្តផ្តល់សច្ចធម៌​ប្រវត្តិសាស្ត្រ​ ហើយនៅតែ​ចង​ចាំ និងដឹងគុណចំពោះថ្ងៃជ័យជម្នះ៧មករា៕