(ភ្នំពេញ)៖ ចេតិយ ជាង ៤០០ឆ្នាំមុន របស់ព្រះបាទ ចន្ទរាជា ដែលអតីតព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែមួយរូប នៅលើភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល ដែលកំពុងស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោមបាក់បែកយ៉ាងខ្លាំង នឹងត្រូវជួសជុលឡើងវិញ។
ពិធីប្រុងពាលីបើកការដ្ឋានជួសជុលចេតិយព្រះបាទចន្ទរាជា ត្រូវបានធ្វើឡើងនាវេលាព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ដោយលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង លោកបណ្ឌិត ហ៉ី វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង។
ការខូចខាតទាំងនេះ រួមមាន ការហូរច្រោះគ្រឹះស្រុតខឿនក្រោម ប្រេះរបេះកំបោរបាយអរ រលុះឥដ្ឋ និងល្បាក់ក្បាច់នៃតួចេតិយ។ ការខូចខាតទាំងនេះ គឺបណ្តាលមកពីកត្តាធម្មជាតិ និងអាយុកាលរបស់សំណង់។ ចេតិយព្រះបាទចន្ទរាជា ស្ថិតនៅមុខព្រះពុទ្ធចូលនិព្វាន កសាងឡើងតាំងពី គ.ស.១៥៦៧ ព្រះបាទបរមិន្ទរាជាទ្រង់សាងសម្រាប់បញ្ចុះព្រះអដ្ឋិនៃព្រះចន្ទរាជាជាព្រះរាជបិតា។ ចេតិយនេះ បែរមុខទៅទិសខាងជើង សាងពីឥដ្ឋតាន់បូកបាយអ មានការបាក់បែកដោយអន្លើ។ ចេតិយនេះមានការជួសជុលជាបន្តបន្ទាប់ តាំងពីក្នុងរាជ្យហ្លួងនរោត្តម រហូតមកដល់ហ្លួងព្រះស៊ីសុវត្ថិ។
ការងារអភិរក្ស និងជួសជុលនេះ នឹងចំណាយពេល ៤ខែ ពោលគឺចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ក្រោមការឧបត្ថម្ភថវិកាពីលោកបណ្ឌិត ហ៉ី វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង។
កិច្ចសហការលើការងារអភិរក្សនេះ គឺជាគម្រូមួយនៃកិច្ចសហការអន្តរក្រសួងសប្បុរសជន និងស្ថាប័ន នានា លើវិស័យសេដ្ឋកិច្ចនិងវប្បធម៌ ដែលកើតឡើងក្នុងបរិយាកាសនៃកិច្ចប្រឹងប្រែងធ្វើឲ្យបេតិកភណ្ឌអាចរក្សាបានយូរអង្វែង៕