(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្ដសម្រាប់ឆ្នាំ២០២៥។ ពិធីបើកសន្និបាតនេះធ្វើឡើងក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងលោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម។
ក្នុងឱកាសនោះអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា អង្គសន្និបាតនេះមានរយៈពេលពីរថ្ងៃ ដែលនឹងធ្វើការត្រួតពិនិត្យ វាយតម្លៃលើសមិទ្ធផលបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយនានាជុំវិញការអនុវត្តតួនាទី ភារកិច្ច និងការទទួខុសត្រូវរបស់រដ្ឋបាលខេត្ត គឺមានគោលបំណងធ្វើឲ្យខេត្តកំពង់ចាម បន្តកើនឡើងនូវទំហ៊ំសេដ្ឋកិច្ច ក្នុងរង្វង់២,៨៦៧លានដុល្លារ ដែលជាចក្ខុវិស័យរបស់ខេត្តជំរុញធ្វើឲ្យប្រជាពលរដ្ឋមានចំណូលក្នុងម្នាក់ៗ ២,៤០៨នៅក្នុងឆ្នាំ២០២៥ ដែលក្នុងខណ:ឆ្នាំ២០២៤កន្លងទៅ ខេត្តកំពង់ចាមមានទំហ៊ំសេដ្ឋកិច្ចក្នុងរង្វង់២,៦៥៧លានដុល្លារ ប្រជាពលរដ្ឋក្នុងខេត្តក្នុងម្នាក់ៗ ទទួលបានប្រាក់ចំណូល២,៣១១ដុល្លារ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីសម្រេចបានចក្ខុវិស័យ នៃកំណើនសេដ្ឋកិច្ច របស់រដ្ឋបាលខេត្តក្នុងឆ្នាំ ២០២៥ គឺត្រូវអនុវត្តគោលការណ៍ដូចខាងក្រោម៖
*ទី១៖ ត្រូវរួមគ្នាក្នុងការបន្តរក្សាឲ្យបានការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ឲ្យកាន់តែល្អថែមទៀត
*ទី២៖ ត្រូវបន្តជំរុញការអភិវឌ្ឍ និងការគៀងគរបង្កើននូវការវិនិយោគនៅក្នុងខេត្ត ឲ្យមានការប្រទាក់ក្រឡាជាមួយសហគ្រិន ដៃគូអាជីវកម្ម ពាណិជ្ជកម្មផ្សេងៗ ដើម្បីបង្កើនឱកាសការងារ និងមុខរបរជូនដល់ប្រជាពលរដ្ឋ
*ទី៣៖ ត្រូវពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ
*ទី៤៖ ត្រូវរក្សាឲ្យបាននូវស្ថេរភាពម៉ាក្រូ និងអតិបរមា។
លោកអភិបាលខេត្ត បានបន្ថែមទៀតថា យើងត្រូវពិភាក្សាគ្នា ធ្វើយ៉ាងណារក្សានូវគោលការណ៍ ប្រសិទ្ធភាពការងារ៤ចំណុចនេះឲ្យបាន ទើបអាចឈានទៅបន្តទទួលនូវកំណើនសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០២៥ តាមចក្ខុវិស័យ នៃការគ្រោងទុក្ខរបស់រដ្ឋបាលខេត្ត៕