(ភ្នំពេញ)៖ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីពិធីបិទសង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំង ប្រទេសលើកទី៣២ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដល់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ អាចារ្យគណៈកម្មការវត្តទូទាំងរាជធានីភ្នំពេញ នៅសាលាអនុគណខណ្ឌព្រែកព្នៅ វត្តចន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

ពិធីនេះមានការនិមន្តនិងអញ្ជើញចូលរួមដោយសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយក រង ទី៣ និងជាព្រះមេគណរាជធានីភ្នំពេញ ព្រះបាឡាត់គណរាជធានី ភ្នំពេញ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា លោកស្រី តិមា វិច្ឆិកាល អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រះអនុគណគ្រប់ខណ្ឌ ព្រះមន្ត្រីសង្ឃទាំងពីរគណៈ អាចារ្យគណៈកម្មការវត្ត ប្រជាពុទ្ធបរិស័ទ ចំនួន៨១៨ អង្គ/នាក់។

បន្ទាប់ពីសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះបាឡាត់គណរាជធានីភ្នំពេញ មានព្រះថេរដីកាផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ រួចមក សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះបាឡាត់គណរាជធានីភ្នំពេញ មានព្រះថេរដីកាអាន សេចក្តីសម្រេចសង្ឃប្រកាស សង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដែលបានក្រើនរំលឹកដល់ព្រះមន្រ្តីសង្ឃ សមណសិស្សគ្រប់អង្គ ឱ្យមានស្មារតី ភ្ញាក់រលឹក ប្រកាន់ខ្ជាប់នូវការបដិបត្តិធម៌វិន័យ ខិតខំព្យាយាមសិក្សារៀនសូត្រឱ្យក្លាយជាសមណសក្យបុត្រ ដែលជាបុត្រដ៏ប្រពៃរបស់ព្រះសម្មាសម្ពុទ្ធ និងធ្វើខ្លួនឱ្យជាស្រែបុណ្យដ៏ល្អដល់ពុទ្ធបរិស័ទ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងត្រូវចូលរួមលើកកម្ពស់កិត្យានុភាព តម្លៃ និងសេចក្តីថ្លៃថ្នូរ របស់ព្រះសង្ឃពុទ្ធសាសនា ព្រមទាំងរក្សាការពារ និងលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស ស្ថិតស្ថេរចីរកាល។

លោក ចាយ បូរិន បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ ហើយនេះ ជាតថភាពមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីគុណតម្លៃ នៃសាមគ្គីភាព និងភាពសុខដុមរមនាសាសនានៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព ធ្វើឱ្យសាសនាទាំងអស់រស់នៅរួមគ្នា ប្រកបដោយសុខក្សេមក្សាន្ត។

ក្នុងឱកាសសំណេះសំណាល និងផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២នេះដែរលោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងធម្មការ និងសាសនា សូមឯកភាពជាមួយ គណៈសង្ឃ នាយក និងសូមថ្វាយបង្គំស្នើដល់គណៈសង្ឃនាយក ណែនាំដល់ព្រះចៅអធិការគ្រប់វត្ត ពង្រឹងនូវធម៌វិន័យ ដល់ភិក្ខុ សាមណេរ សមទៅនិងអភិក្រម៥ របស់ព្រះពុទ្ធសាសនារួមមាន៖

*ទី១៖ បព្វជ្ជា (ការបួស)
*ទី២៖ បរិយត្តិ (ការសិក្សា)
*ទី៣៖ បដិបត្តិ (ការប្រតិបត្តិ)
*ទី៤៖ បដិវេធៈ(លទ្ធផល)
*ទី៥៖ បព្វាជនីយកម្ម (ការដាក់ទោស ឬ បញ្ចប់ភារកិច្ច) និងបន្តថែរក្សាឱ្យបានអភិក្រម «ស៣» របស់ក្រសួងធម្មការនិងសាសនា សម្រាប់វត្តអារាម គឺ វត្តស្អាត វត្តស្ងប់ និងវត្តស្វាង ដើម្បីឱ្យសាកសមជារាជធានានី ដែលកំពុងមានសក្តានុពលផ្នែកទេសចរណ៍ វប្បធម៌និងសាសនា។

លោករដ្ឋមន្រ្តី បានសូមបវរណាដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ សូមគោរពប្រតិបត្តិនូវព្រះធម៌វិន័យ ខិតខំសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ ភាសាបាលី សំស្ក្រឹត សូត្រគម្ពីរព្រះត្រ័យបិដកសូត្របាតិមោក្ខ និងសិក្សាប្រព័ន្ធ បច្ចេកវិទ្យា ឌីជីថល ដើម្បីជាទន់ក្នុងការផ្តល់នូវឱវាទដល់ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ ទូទាំងប្រទេស និងផ្សព្វផ្សាយ លើពិភពលោក ខាងវិស័យអប់រំ ផ្នែកចរិយាធម៌ សីលធម៌ គុណធម៌ សុជីវធម៌ និងសូមថ្វាយបង្គំស្នើដល់ គណៈសង្ឃនាយក ពិនិត្យណែនាំដល់ ភិក្ខុ សាមណេរណា ដែលប្រើប្រាស់បណ្តាញសង្គម បង្ហោះវីដេអូផ្សេងៗដែលប្រាស់ចាកពីធម៌វិន័យជាព្រះសង្ឃ ដែលធ្វើប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា និងចៀសវាងការចែករំលែក នូវសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម៕