(សៀមរាប)៖ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តសៀមរាប បានអញ្ជើញចូលរួមប្រារព្ធពិធី អបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧មករា (១៩៧៩-២០២៥ ) នៅក្នុងស្រុកក្រឡាញ់ ខេត្ដសៀមរាប។
ពិធីនេះ មានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម ស.ស.យ.ក យុវជនកាយរិទ្ធ និងប្រជាពលរដ្ឋ ចូលរួមចំនួន១,០០០នាក់ ហើយបានឧបត្ថម្ភថវិកាចំណាយ ក្នុងកម្មវិធីអស់១៦លានរៀល នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។
ថ្លែងក្នុងពិធីនេះ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានអានសារសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖
«ទិវាគម្រប់ខួបលើកទី៤៦ នៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាស្រ្តប៉ុល ពត ថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះប្រទេសជាតិ និងពលរដ្ឋ ឱ្យរស់រានមានជីវិតឡើងវិញ រួចផុតពីការទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលកម្ពុជាពុំធ្លាប់មាននៅក្នុងប្រវត្តិសាសន៍បស់មនុស្សជាតិ»។
អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ សូមលំឱនកាយគោរពវិញ្ញាណខ័ន្ធ វីរៈយុទ្ធជនវីរៈយុទ្ធនារី និងអ្នកស្នេហាជាតិ ដែលបានធ្វើពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ អាយុជីវិតក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងពលរដ្ឋឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ដែលពោរពេញទៅដោយឈាម និងទឹកភ្នែក រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ សុំធ្វើការចងចាំ និងបន្តថែរក្សាថ្ងៃ៧មករា ឲ្យបានជាប់នៅក្នុងក្រអៅបេះដូងគ្រប់ៗគ្នា ក្រោមម្លប់សន្តិភាព នៃគោលនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជា និងការពារឲ្យបានគង់វង្សស្មារតី ៧មករា មិនឲ្យក្រុមប្រឆាំងណាមួយយកថ្ងៃ៧មករា វាយរំលំមកលើរាជរដ្ឋាភិបាលស្របច្បាប់។
តាមរយៈពិធីអបអរសាទរខួបលើកទី៤៦ ខាងលើនេះ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ យុវជន យុវនារី ដែលជាទំពាំងស្នងឬស្សី សម្រាប់អនាគតកម្ពុជា ត្រូវតបស្នងសងគុណ ចំពោះបុព្វការីជន និងអ្នកស្នេហាជាតិទាំងអស់៕