(ភ្នំពេញ)៖ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការដាក់បញ្ជូលពិធីបុណ្យចូលឆ្នាំថ្មីចិន ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បង្ហាញពីតម្លៃវប្បធម៌ ប្រពៃណី នៃការរួមគ្នា ថែរក្សាមរតករបស់មនុស្សជាតិ ដោយគេដឹងថា ការដាក់បញ្ជូលនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

លោកជំទាវ ភឿង សកុណា បានមានប្រសាសន៍បែបនេះ នៅក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌ រវាងកម្ពុជានិងចិនដើម្បីចូលរួមអបអរការមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន ឆ្នាំ២០២៥ នារាជធានីភ្នំពេញ រៀបចំឡើង២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ១២ ខែមករា។

លោកជំទាវបញ្ជាក់បែបនេះថា៖ «ឆ្លៀតក្នុងឱកាស ដ៏រីករាយនេះ ខ្ញុំសូមអបអរសាទរ ជាមួយរដ្ឋាភិបាលចិន ក៏ដូចជា ប្រជាជនចិនទាំងអស់ ចំពោះការដាក់បញ្ជូលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នាសម័យប្រជុំ លើកទី១៩ នៃគណៈកម្មការអន្តររដ្ឋាភិបាល ដែលការចុះបញ្ជីនេះ បញ្ជាក់ឲ្យឃើញនូវតម្លៃវប្បធម៌ ប្រពៃណី នៃការរួមគ្នា ថែរក្សាមរតក ដែលមនុស្សជាតិបានបង្កើត និង ប្រតិបត្តិ។»

ជាមួយគ្នានេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ នាពេលនោះផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីចិនត្រូវបានដាក់បញ្ជូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ បង្ហាញច្បាស់ថា «បុណ្យចូលឆ្នាំថ្មីចិន បានក្លាយជាបុណ្យចូលឆ្នាំ ទូទាំងពិភពលោក..សម្រាប់កម្ពុជា ក៏មានពិធីអបអរសាទរផងដែរ ជាពិសេស ការលោត មុងសាយចិន មានគ្រប់ទីកន្លែង ក្នុងរដូវកាលបុណ្យចូលឆ្នាំចិន ម្តងៗ»។ ការណ៍នេះ ត្រូវបានឯកឧត្តម Wang Wenbin ចាត់ទុកថា ពិធីបុណ្យចូលឆ្នាំថ្មីចិន គឺជាពិធីបុណ្យសម្រាប់ជនជាតិចិន និង ជនជាតិកម្ពុជា ហើយជាការបង្ហាញយ៉ាងសំខាន់ ចំពោះចំណងមិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីរ។

លោកជំទាវ ភឿង សកុណា បានលើកឡើងថា កម្មវិធីផ្លាស់ប្តូរវប្បធម៌ រវាងកម្ពុជានិងចិនដើម្បីចូលរួមអបអរការមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ឆ្នាំ២០២៥ នៅពេលនោះ គឺជាសកម្មភាពបន្ថែម ចូលរួមដល់ការលើកស្ទួយចំណងមិត្តភាព រវាងប្រជាជាតិទាំងពីរ និងជំរុញឲ្យប្រជាជនទាំងពីរ មានឱកាស អាចស្វែងយល់បន្ថែម និងបង្កើនទំនាក់ទំនង រវាងគ្នានិងគ្នា ដោយយកសិល្បៈជាគោល ស្របតាមគោលនយោបាយ របស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ។

លោកជំទាវ បានគូសបញ្ជាក់ថា កម្មវិធី ក្រោមប្រធានបទ «រីករាយឆ្នាំម្សាញ់ ចិននិងកម្ពុជាអបអរ រួមគ្នា» នាពេលនេះ គឺជាសក្ខីភាពថ្មីមួយ បង្ហាញពីការបន្តរឹតចំណងមិត្តភាព ចំណងវប្បធម៌ដ៏ជ្រាលជ្រៅ រវាងប្រជាជនកម្ពុជានិងចិន។ លោកជំទាវជឿជាក់ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែអបអរសារទរវប្បធម៌ចិន ប៉ុណ្ណោះទេ ប៉ុន្តែ បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នា ទៅវិញទៅមក រវាងវប្បធម៌នៃប្រទេសទាំងពីរ៕

វិទ្យុមិត្តភាពកម្ពុជាចិន