(ភ្នំពេញ)៖ រយៈពេល១ឆ្នាំនៃយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលរៀបចំដោយក្រសួងយុត្តិធម៌ មានសំណុំរឿងចំនួន ១៨៨,៩៤២ ស្មើនឹង ៨២,៤១% ត្រូវបានបិទបញ្ចប់ ដោយទទួលលទ្ធផលលើសពីការរំពឹងទុក និងគួរជាទីមោទនៈ។
លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លើកឡើងយ៉ាងដូចនេះ តាមរយៈសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលរយៈពេល១ឆ្នាំនៃយុទ្ធនាការជំរុញ និងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ» នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។
លោកបានអះអាងថា ក្នុងរយៈពេល១ឆ្នាំនេះ តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបានចាត់ការសំណុំរឿង ទាំងសំណុំរឿងព្រហ្មទណ្ឌ ទាំងសំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿងក្តីដទៃទៀត បានចំនួន ១៨៨ ៩៤២ ស្មើនឹង ៨២,៤១% នៃសំណុំរឿងសរុបចំនួន ២២៩ ២៧២ ទាំងសំណុំរឿងដែលមានមុនពេលប្រកាសបើកយុទ្ធនាការ និងសំណុំរឿងដែលចូលថ្មី ក្រោយពេលប្រកាសបើកយុទ្ធនាការ។
ក្នុងនោះលោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងអំពី សំណុំរឿងអាទិភាពចំនួន៤រួមមាន៖
*ទី១៖ អត្រានុកូលដ្ឋាន មានចំនួន ៤ ៩៨៣ ដែលនៅសល់មុនពេលប្រកាសបើក យុទ្ធនាការ ត្រូវបានដោះស្រាយចប់សព្វគ្រប់ ១០០% តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ ចំណែកសំណុំរឿងអត្រានុកូលដ្ឋានដែលចូលថ្មី ចំនួន ៥២ ៦០១ ត្រូវបានតុលាការដោះស្រាយចប់សព្វគ្រប់បាន ចំនួន ៥១ ១ ៥០៨ សំណុំរឿង ស្មើនឹង ៩៧,៩២%។
*ទី២៖ សំណុំរឿងចរាចរណ៍ មានចំនួន ១០៤១ដែលនៅសល់មុនពេលប្រកាសបើកយុទ្ធនាការ ត្រូវបានសាលាដំបូងគ្រប់រាជធានី-ខេត្ត ដោះស្រាយចប់សព្វគ្រប់ ១០០% តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤។ ចំណែកសំណុំរឿងដែលចូលថ្មីក្រោយពេលប្រកាសបើកយុទ្ធនាការដែលមានចំនួន ៥៤៧០ត្រូវបានតុលាការដោះស្រាយចប់សព្វគ្រប់បាន ចំនួន ៤៨០៧ សំណុំរឿងស្មើនឹង ៨៧,៨៨%។
*ទី៣៖ សំណុំរឿងគ្រឿងញៀនទាំងចាស់ទាំងថ្មីមានចំនួន ២៤ ៦៥១ ត្រូវបាន តុលាការទូទាំងប្រទេសចាត់ការរួចរាល់បានចំនួន ២២០២២ ស្មើនឹង ៨៩,៣៤%។
*ទី៤៖ សំណុំរឿងក្មេងទំនើង គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានពិនិត្យឃើញថា តុលាការបានអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគិតចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មកទល់នឹង ពេលនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស បានទទួលចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងសរុបចំនួន ២៣២៤ដែលមានជនសង្ស័យចំនួន ៣៦៥០ នាក់ជាកម្មវត្ថុនៃការអនុវត្តវិធានការតាមផ្លូវច្បាប់។
ដោយឡែក លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ បានធ្វើការគូសបញ្ជាក់អំពី ចំណុចវិជ្ជមានចំនួន ៣ដែលកើតចេញពីការដាក់ចេញយុទ្ធនាការនេះរួមមាន៖
*ទី១៖ ការផ្លាស់ប្ដូរការឥរិយាបថរបស់មន្ត្រីតុលាការ ដោយធ្វើការកាន់តែលឿន កាន់តែឆាប់រហ័ស ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។
*ទី២៖ ការផ្លាស់ប្ដូរឥរិយាបថ ផ្នត់គំនិត និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋមានកោតសរសើរទៅដល់តុលាការ និងថ្លែងអំណរគុណទៅកាន់តុលាការ ចំណុចនេះមិនធ្លាប់មានពីមុនមកនោះទេ។
*ទី៣៖ ក្រោយពីបើកច្រកមួយយ៉ាងទូលាយសម្រាប់ប្រជាពលរដ្ឋ តុលាការសង្កេតឃើញថា ពីមុនបណ្ដឹងច្រើន ដោយឡែកបច្ចុប្បន្ននេះមានការថយចុះជាបន្តបន្ទាប់៕