(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្លលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា មានចំណុចវិជ្ជមាន៣ ក្រោយដាក់ចេញយុទ្ធនាការទាំងពីររបស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល ១ឆ្នាំ គឺការផ្លាស់ប្តូរឥរិយាបទមន្រ្តី ផ្លាស់ប្តូរជំនឿ និងបណ្តឹងមានការថយចុះ ដែលជាលទ្ធផលគួរជាទីមោទនៈ។
លោកថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ» នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។
«កំណត់សម្គាល់ទី១ ឃើញថា ការប្រែប្រួលឥរិយាបទការងាររបស់តុលាការ ចំណុចកត់សម្គាល់ទី២ គឺមានការប្រែប្រួលរបស់ផ្នត់គំនិតមហាជន ចំណុចកត់សម្គាល់ទី៣ គឺបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ មានការកើនថយចុះ»។
លោក ជិន ម៉ាលីន បានពន្យល់ថា៖
* ការប្រែប្រួលឥរិយាបទការងាររបស់តុលាការ៖ តុលាការធ្វើការកាន់តែលឿន កាន់តែឆាប់រហ័ស ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។
* ការប្រែប្រួលរបស់ផ្នត់គំនិតមហាជន៖ ប្រជាពលរដ្ឋកោតសរសើរតុលាការ និងថ្លែងអំណរគុណតុលាការជាច្រើន តាមបណ្តាញសារព័ត៌មាន និងនិងបណ្តាញសង្គម ដែលនេះមិនធ្លាប់មានទេពីមុនមក។
* បណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ មានការកើនថយចុះ៖ កាលមុនប្រជាពលរដ្ឋតវ៉ាច្រើន សំណុំរឿង១ ដាក់ទៅមិនក្រោម ១០កន្លែងទេ ប៉ុន្តែ ពេលបើកយុទ្ធនាការនេះ គឺជាការបើកច្រកដ៏ធំ សម្រាប់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងរឿងអ្វីក៏ដោយ ឲ្យតែពាក់ព័ន្ធនឹងតុលាការ។
សូមជម្រាបថា លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានប្រកាសដាក់ឱ្យអនុវត្តយុទ្ធនាការចំនួន២ គឺយុទ្ធនាការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីលើកកម្ពស់សេវាយុត្តិធម៌។
លោក កើត រិទ្ធ បានឲ្យដឹងថា យុទ្ធនាការទាំងពីរនេះ ត្រូវបានដាក់ចេញក្នុងគោលបំណងលើកកម្ពស់សេវាយុត្តិធម៌ ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ និងគោលការណ៍នីតិរដ្ឋ។ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ត្រូវធ្វើទាំងរឿងព្រហ្មទណ្ឌ និងរឿងរដ្ឋរដ្ឋប្បវេណី ដើម្បីលើកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនពលរដ្ឋ ដោយដាក់ឱ្យអនុវត្តរយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នេះតទៅ៕