(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវបង្ក្រាបក្រុមក្មេងទំនើងចំនួន៨នាក់ ឈ្មោះក្រុម ធូកម៉ូស (TM) និងក្រុម (GK) ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិត, ដាវកែច្នៃ, កាំបិតបុ័ងតោ, ដាវគំរាមកាប់លើជនរងគ្រោះប្លន់យកម៉ូតូ)។
របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១២ ខែមករា បន្ទាប់ពីពួកគេប្រព្រឹត្តអំពើកាប់ប្លន់យកម៉ូតូ១គ្រឿង និងកាប់យកស្លាកលេខម៉ូតូ២គ្រឿង កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង៨នាក់ រួមមាន ទី១៖ឈ្មោះ សាំ ហេង អាយុ១៨ឆ្នាំ, ទី២៖ឈ្មោះ វណ្ណ សុផៃណារិទ្ធ អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ កែ ហេងឡេង អាយុ១៧ឆ្នាំ, ទី៤៖ឈ្មោះ កប ភ័ស អាយុ១៨ឆ្នាំ, ទី៥៖ឈ្មោះ ឆែម ខេមរៈ ហៅទុយ អាយុ១៨ឆ្នាំ, ទី៦៖ឈ្មោះ ប៉ុន វីន អាយុ១៨ឆ្នាំ, ទី៧៖ឈ្មោះ តឿ គឹមឆាយ អាយុ១៨ឆ្នាំ និងទី៨៖ឈ្មោះ ឈុត វារីន អាយុ១៨ឆ្នាំ។
ក្នុងនោះសម្ភារខូចខាត ម៉ូតូម៉ាក ស៊ុសស៊ុយគី និច ពណ៍ខៀវ ពាក់ផ្លាកលេខតាកែវ 1AD-0143 និងម៉ូតូម៉ាហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខតាកែវ 1AE-0464។ ចំពោះមូលហេតុ ជនរងគ្រោះ និងជនសង្ស័យ ធ្វើការរោងចក្រជាមួយគ្នា និងបានមើលមុខគ្នាពេលទិញបាយថ្ងៃត្រង់មុខរោងចក្រ លុះយប់ឡើង ក្រុមជនសង្ស័យបានធ្វើសកម្មភាពកាប់ប្រហាតែម្តង។ បច្ចុប្បន្ន ផ្នែកជំនាញបានកសាងសំណុំរឿងតាមនីតិវិធី៕