(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលជលផល អង្គការ UNIDO និងក្រុមអ្នកសារព័ត៌មាន បានចុះទស្សនកិច្ចសិក្សា ចំពោះទីតាំងកែច្នៃទឹកត្រី និងត្រីងៀត ចំនួន២កន្លែង នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលគាំទ្រពីគម្រោង CAPFISH-Capture ដែលមានរយៈពេល១ថ្ងៃ។
ការចុះទស្សនកិច្ចសិក្សានេះ ដឹកនាំ និងសម្របសម្រួលដោយ លោក ហាស សារ៉េត រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ រដ្ឋបាលជលផល (FiA) ជាច្រើនរូប នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFish) គឺជាកម្មវិធីជលផល ក្រោមហិរញ្ញប្បទាន គាំទ្រពីសហគមន៍អឺរ៉ុប មានគោលបំណងរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចបានចក្ខុវិស័យរយៈពេលវែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។ ក្រោមក្របខណ្ឌនេះ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលត្រូវបានផ្តួចផ្តើមឡើងជាមួយគោលបំណង ជាក់លាក់រួមចំណែកដល់ការអភិវឌ្ឍអនុវិស័យជលផលក្រោយប្រមូលផល។
សូមបញ្ជាក់ដែរថា គម្រោងនេះ គឺមានគោលដៅអភិវឌ្ឍខ្សែ ច្រវាក់តម្លៃជលផលក្រោយប្រមូលផលប្រកបដោយបរិយាប័ន្ន ផ្តោតលើការពង្រឹងសមត្ថភាពអាជ្ញាធរមាន សមត្ថកិច្ច (FCA) ក្នុងការបង្កើតប្រព័ន្ធត្រួតពិនិត្យផ្លូវការដើម្បីបន្តជួយគាំទ្រនិងអភិវឌ្ឍន៍សហគ្រាសជលផល ក្រោយប្រមូលផល តាមរយៈការកសាងសមត្ថភាព អភិវឌ្ឍន៍ជំនាញ អនុវត្តប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ បង្កើតយន្តការគាំទ្រនិងដាក់ចេញនូវកម្មវិធីគាំទ្រសហគ្រាសជលផល ដើម្បីធានាបាននូវនិរន្តរភាពសម្រាប់ វិស័យនេះ៕