(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សហការជាមួយអង្គការ UN-ESCAP និងអង្គការ Vital Strategies រៀបចំកិច្ចប្រជុំ «បណ្តាញមន្ត្រីអត្រានុកូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ នៅប្រទេសកម្ពុជា»។
កិច្ចប្រជុំនេះធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៦ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ និង លោក Joseph Scheuer, UN Resident Coordinator នៃទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងប្រតិភូដែលមកពីបណ្ដាប្រទេសនៅតំបន់អាសុីអាគ្នេយ៍ និងប្រទេស Papua New Guinea តំណាងក្រសួងស្ថាប័នដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមសុីវិល។
លោកឧត្ដមសេនីយ៍ឯក បណ្ឌិត តុប ណេត លើកឡើងយ៉ាងដូច្នេះថា ដោយពិនិត្យឃើញអំពីដំណើរវិវឌ្ឍដ៏ល្អរបស់ប្រទេសកម្ពុជា ក្នុងការអនុវត្តការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាននាពេលកន្លងមក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃកម្ពុជា បានទទួលសំណើ និងការគាំទ្រពីអង្គការ UN-ESCAP ឲ្យធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំ បណ្តាញមន្ត្រីអត្រានុកូលដ្ឋាននៅតំបន់ អាស៊ីអាគ្នេយ៍លើកទី២ ដ៏មានសារសំខាន់នេះ។
លោកឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត បានបញ្ជាក់ថា ប្រទេសកម្ពុជា បានកំណត់នូវអាទិភាពលើការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម-ជារួមគឺក្របខ័ណ្ឌនៃកំណែទម្រង់ការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មសម្រាប់រយៈពេលវែង ក្នុងនោះរួមមាន៖
*ទី១៖ ការបង្កើតឡើងនូវអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅ ឆ្នាំ២០១៤ ដែលប្រមូលផ្តុំការងារជំនាញពាក់ព័ន្ធគ្នា ឲ្យស្ថិតនៅក្រោមប្រព័ន្ធគ្រប់គ្រងតែមួយ
*ទី២៖ ការដាក់ឲ្យ អនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំ (ឆ្នាំ២០១៧-២០២៦) របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម សំដៅសម្រេចឲ្យបាននូវគោលដៅ បុគ្គល គ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ និង បុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ
*ទី៣៖ ការប្រកាសឲ្យ ប្រើប្រាស់ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ។ ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់ខ្លួន ប្រទេសកម្ពុជាបានចំណាយពេលជាង ៥ឆ្នាំ (ដោយទទួលបានការចូលរួមគាំទ្របច្ចេកទេសពីអង្គការ Vital Strategies និងអង្គការ GHAI) ដើម្បីរៀបចំតាក់តែងច្បាប់នេះរហូតទទួលបានជោគជ័យ ទោះបីជាក្នុងបរិបទនៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។
ទន្ទឹមនឹងនេះ ប្រទេសកម្ពុជា ដែលមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃជា សេនាធិការ បាននិងកំពុងរៀបចំតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តិនៅក្រោមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មចំនួនជាង២០ ដើម្បីធានាឱ្យការអនុវត្តច្បាប់ទទួលបានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ អគ្គនាយកអត្តសញ្ញាណកម្ម បានកោតសរសើរដ៏ស្មោះចំពោះអង្គការ UN-ESCAP, Vital Strategies, GHAI, World Bank, UNFPA, UNHCR, និងអង្គការ CDCF ដែលបានសហការរៀបចំ និងសម្របសម្រួលកិច្ចប្រជុំដ៏មានសារសំខាន់នេះដែលជាវេទិកាមួយបង្ហាញអំពីចំណុចស្នូលសំខាន់ៗ ដើម្បីរួមចំណែកក្នុងការត្រួសត្រាយ ផ្លូវរួមគ្នាក្នុងតំបន់លើការកែលម្អ និងពង្រឹងប្រព័ន្ធការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន រួមមាន៖
*ទី១៖ កំណត់នូវអាទិភាពនានាដែលជាកង្វល់របស់មន្ត្រីអត្រានុកូលដ្ឋាន
*ទី២៖ ចែករំលែកនូវបទពិសោធការ អនុវត្តការងារ បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីឱ្យប្រទេសក្នុងតំបន់អាចចាកចេញពីការចុះបញ្ជីដោយដៃ ឈានទៅការចុះបញ្ជីតាមប្រព័ន្ធឌីជីថលវិញ
*ទី៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើការងារអត្រា- នុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ដើម្បីពង្រីកសក្តានុពលជារួមនៅតំបន់អាស៊ីអាគ្នេយ៍។
ឆ្លៀតក្នុងឱកាសនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាលេខាធិការដ្ឋាននៃ គ.ជ.ដ.អ. បានជឿជាក់យ៉ាងមុតមាំថា លោក លោកស្រី នឹងចូលរួមយ៉ាងសកម្ម ក្នុងការចែករំលែក នូវបទពិសោធក្នុងការអនុវត្តការងារក្នុងប្រទេសរៀងៗខ្លួន ដើម្បីឱ្យកិច្ចប្រជុំរយៈពេល ៣ថ្ងៃនេះ ទទួលនូវលទ្ធផលល្អ ដូចបានគ្រោងទុក៕