(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធក្នុងករណីហិង្សាទៅលើយុវជនម្នាក់យ៉ាងសាហាវនៅមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

នគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២០៖១៥នាទី សមត្ថកិច្ចបានទទួលព័ត៌មានថា នៅត្រង់ចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយ កើតឡើងបង្កដោយជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពរួបរួមគ្នា វាយទៅលើទៅលើជនមិនស្គាល់អត្តសញ្ញាណម្នាក់។ 

សមត្ថកិច្ចបានបន្តថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាសង្ស័យដែរតែរកពុំឃើញ។ 

សមត្ថកិច្ចបានបន្តថា លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៦៖៣០នាទីទើបសមត្ថកិច្ចបានធ្វើការស្រាវជ្រាវបន្ត រហូតឈានដល់ការកំណត់អត្តសញ្ញាណជនសង្ស័យបានចំនួន៤នាក់គឺ១.ឈ្មោះ សុខ បារាំង ហៅឡុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឡ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង, ២.ឈ្មោះ កៅ រតន: ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង, ៣.ឈ្មោះ ទេព ដាណេ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង, និង៤.ឈ្មោះ សាន់ សុងជីវ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង និងបាននាំខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ យកមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីធ្វើការសាកសួរ។ 

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សុខ បារាំង ហៅឡុង, ឈ្មោះ កៅ រតន:, ឈ្មោះ ទេព ដាណេ និងឈ្មោះ សាន់ សុងជីវ៉ា បានឆ្លើយសារភាពថា ពួកខ្លួន និងបក្សពួក៣នាក់ទៀតគឺឈ្មោះ ស្ទីង ឈ្មោះ ខ្មៅ និងឈ្មោះ ណុយ ពិតជាបានរួបរួមគ្នាធ្វើសកម្មភាព វាយទៅលើជនមិនស្គាល់អត្តសញ្ញាណម្នាក់ ប្រាកដមែន។

មូលហេតុ មានជនមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូហុងដាសង់សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០២៤ គ្មានក្បាំងខាងមុខ មិនចាំផ្លាកលេខ ជិះបុកម៉ូតូរបស់ពួកខ្លួននៅត្រងចំណុចស្រះវង់ ហើយពួកខ្លួនក៏ជិះតាមរករហូតដល់ ចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានប្រទះឃើញអ្នកជិះម៉ូតូដែលមានភិនភាគដូចខាងលើ ក៏នាំគ្នាចុះទៅសួរនាំ និងនាំគ្នាវាយទៅលើជននោះតែម្តង។ 

ក្រោយពីទទួលបានចម្លើយសារភាពពីជនសង្ស័ទាំង៤នាក់ ខាងលើរួចមក សមត្ថកិច្ចក៏បានរាយការណ៍សុំយោបល់ពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តស្វាយរៀង និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួន កសាងសំណុំរឿងចាត់ការតាមច្បាប់៕