(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ ដែលស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីលើកយកបញ្ហាសំខាន់ៗមកពិភាក្សាគ្នា។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសម័យប្រជុំជាវិសាមញ្ញរបស់ព្រឹទ្ធសភាកម្ពុជា ដើម្បីអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ។
សម្តេចតេជោមានប្រសាសន៍ថា «ខ្ញុំសូមជូនដំណឹងទៅដល់សមាជិកព្រឹទ្ធសភារបស់យើង តាមការគិត និងការប្រជុំគណៈអចិន្រ្តៃយ៍ ប៉ុន្មានថ្ងៃមុននេះ គឺនៅក្នុងអាណិត្តនេះ យើងអាចមានសមាជព្រឹទ្ធសភា និងរដ្ឋសភា ដែលកំពុងតែ ពិភាក្សារវាងអគ្គលេខាធិការព្រឹទ្ធសភា និងអគ្គលេខាធិការរដ្ឋសភា ដើម្បីឈានទៅដល់ការរៀបចំសមាជរវាងព្រឹទ្ធសភា និងរដ្ឋសភាដូចរដ្ឋធម្មនុញ្ញបានចែង ហើយដែលមានចែងនៅក្នុងច្បាប់ស្តីពីសមាជ ហើយយើងនឹងជ្រើសរើស ប្រធានបទ ទាក់ទងជាមួយនឹងការពិភាក្សាដែលត្រូវធ្វើក្នុងពេលសមាជនោះ»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នេះគឺជាការរួមចំណែករបស់អង្គនិតិបញ្ញត្តិទាំងពីរថ្នាក់ ជាមួយកិច្ចការទូទៅរបស់រដ្ឋាភិបាលកម្ពុជា។ យោងតាមច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តិទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ត្រង់មាត្រា២ បានចែងថា សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិក្នុងករណីចាំបាច់។
ក្នុងមាត្រា៣ នៃច្បាប់នេះ បានលើកឡើងផងដែរថា បញ្ហាសំខាន់ៗរបស់ប្រទេសមាន៖
*ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី
*ករណីមានប្រធានសក្តិ បណ្តាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិ និងប្រជាជន ឬ
*ករណីផ្សេងៗទៀត ដែលគណៈកម្មាធិការសមាជយល់ឃើញថាជាបញ្ហាសំខាន់របស់ប្រទេសជាតិ៕