(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ ឱ្យកសិករសមាជិក ពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ។
តាមរយៈ Facebook Page ផ្លូវការ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖
«ស្របពេលស្រូវអូអឹម របស់វៀតណាមកំពុងធ្លាក់ថ្លៃ បងប្អូនកសិករមកពីឃុំអូរកន្ទរ និងឃុំស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ដើម្បីក្លាយជា សហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី៥០០០ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី១,៣០០រៀល ក្នុងមួយគីឡូក្រាមឡើងទៅ។
ក្រសួងកសិកម្ម នឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ឱ្យកសិករសមាជិក ពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ។ នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្ម ព្យាយាមផ្តល់ជូនពុកម៉ែបងប្អូនកសិករយើង ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារ និងមិនទទួលបានតម្លៃល្អ។
បើអាណិតកសិករយើង ហើយពិតជាចង់ជួយដោះស្រាយបញ្ហាជូនពួកគាត់មែន សូមជួយផ្សព្វផ្សាយឱ្យកសិករយើងងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហា។
ល្មមដល់ពេលដែលខ្មែរយើងត្រូវចេះរួមគ្នា ទទួលស្គាល់ឫសគល់នៃបញ្ហា ចាប់យកទីផ្សារមកទុក ក្នុងកណ្តាប់ដៃរបស់យើង ហើយរៀនម្ចាស់ការលើជោគវាសនារបស់ខ្លួន ដោយខ្លួនឯងហើយ»៕