(ភ្នំពេញ)៖ ក្មេងទំនើងចំនួន៥នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវបង្ក្រាបជាបន្ដបន្ទាប់ ក្រោយធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូអ្នកដទៃ ព្រមទាំងកាន់កាំបិតដេញកាប់ប្រជាពលរដ្ឋបង្កឲ្យមានការភ័យខ្លាច នៅមុខផ្សារច្បារអំពៅ។
ប្រតិបត្តិការបង្ក្រាបនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ដែលបង្ក្រាបបានរួមមាន៖ ទី១៖ឈ្មោះ ប៉ាវ ស៊ីណាត អាយុ២០ឆ្នាំ, ទី២៖ឈ្មោះ ថៃ ប៊ុនថន អាយុ១៩ឆ្នាំ, ទី៣៖ឈ្មោះ លន់ វិល្លៀម អាយុ១៩ឆ្នាំ, ទី៤៖ឈ្មោះ ហេង គ្រីស្តាល់ អាយុ១៩ឆ្នាំ និងទី៥៖ឈ្មោះ ឃឹម ដារ៉ាយុទ្ធ អាយុ១៦ឆ្នាំ។
សមត្ថកិច្ចដកហូតបានម៉ូតូចំនួន៣គ្រឿង និងកាំបិតចំនួន២ដើម។ បច្ចុប្បន្នកំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕