(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះចំពោះថ្នាក់ដឹកនាំរដ្ឋនៅក្នុងអាស៊ាន អ្នកដែលមានអាយុច្រើនជាងសម្តេច មានតែ ៣នាក់ប៉ុណ្ណោះ រួមមាន៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, ព្រះចៅស៊ុលតង់ព្រុយណេ និងប្រធានាធិបតីឡាវ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ក្នុងសម័យប្រជុំជាវិសាមញ្ញព្រឹទ្ធសភាកម្ពុជា ដោយមានវត្តមានសមាជិក ព្រឹទ្ធសភាចូលរួមចំនួន ៥៩រូប។

លើកឡើងនៅក្នុងសម័យប្រជុំជាវិសាមញ្ញព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណដល់លោក ខៀវ មុត សមាជិកព្រឹទ្ធសភា ដែលបានជូនពរសម្តេចសម្រាប់ខួបលើកទី៤០ នៃការចូលកាន់​តំណែង​ជានាយករដ្ឋមន្ត្រី ដោយសម្តេចបានបញ្ជាក់ថាសម្តេចបានចូលកាន់តំណែងតាំងពីអាយុ ៣២ឆ្នាំ ដល់ ៧២ឆ្នាំ បានចំនួន ៤០ឆ្នាំហើយ អាយុវាចឹងវាលឿនពេកហើយ។ ពីមុនថាវានៅក្មេងពេក ដល់ឥលូវយើងចាស់ជាងគេវិញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែដូចនេះថា «ឥលូវនៅក្នុងអាស៊ានអ្នកដែលមានអាយុចាស់ជាងខ្ញុំ គឺមាន ៣នាក់ មាន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, ព្រះចៅស៊ុលតង់ព្រុយណេ និងប្រធានាធិបតីឡាវ ដែលមានអាយុច្រើនជាងខ្ញុំ ប៉ុន្តែកាលពីមុនខ្ញុំមានអាយុតិចជាងគេ ហើយមេដឹកនាំទើបតែជំនាន់ឥលូវនេះទេជំនាន់ ស៊ីជីនភីង និង លី ខឺឈាង ដែលមានអាយុតិចជាងខ្ញុំ ហើយទៅជាខ្ញុំអាយុច្រើនជាង»

សូមបញ្ជាក់ដែរថា គិតមកដល់ពេលនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា មានអាយុ ៧២ឆ្នាំហើយ ដោយថ្នាក់ដឹកនាំរដ្ឋដែលមានអាយុច្រើនជាងសម្តេចទាំង ៣រូប រួមមាន៖ លោក Thongloun Sisoulith ប្រធានាធិបតីឡាវ អាយុ ៧៩ឆ្នាំ, ព្រះចៅស៊ុលតង់ព្រុយណេ Hassanal Bolkiah Muiz'zaddin Wad'daulah ព្រះជន្មាយុ ៧៨ព្រះវស្សា និង លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៉ី អាយុ ៧៧ឆ្នាំ៕