(ភ្នំពេញ)៖ ខណៈដែលពិធីបណ្យចូលឆ្នាំចិន ឆ្នាំម្សាញ់ ឆ្នាំ២០២៥ នឹងចូលមកដល់ នៅរយៈពេលប៉ុន្មានថ្ងៃទៀត ប្រជាជនខ្មែរ ដែលកាត់សែស្រឡាយចិន ក៏ដូចជា អាជីវករ លក់ដូរទំនិញ សម្រាប់ការសែននេះ បាននិងកំពុងត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ជំនឿសុំសេចក្តីសុខ សេចក្តីចម្រើន នេះ។

កញ្ញា លី ចេង បានប្រាប់ថា នៅកម្ពុជា មានអ្នកកាត់សែស្រឡាយចិន រួមទាំង គ្រួសាររបស់កញ្ញា បានត្រៀមខ្លួនសែន និងជួបជុំគ្នា អំឡុងពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៥។

«សំខាន់ គឺ អត្ថន័យចូលឆ្នាំចិន គឺបានជួបជុំ រួបរួម ជាមួយនឹងបងប្អូនទាំងអស់គ្នា»

ឆ្លើយតបនឹងសំណួរថា តើហេតុអ្វីបានជាខ្មែរយើង នៅតែប្រកាន់ខ្ជាប់ការសែននេះ ជាទៀងទាត់ កញ្ញា លី ចេង បានប្រាប់ថា ជាតិសាសន៍អ្វីក៏ដោយ យើងមិនគួរមានការប្រកាន់ទេ ពូជសាសន៍នោះទេ ដោយសារតែយើងរស់នៅក្នុងផែនដីតែមួយ។

«ជាតិសាសន៍អ្វីក៏ដោយ គួរតែរួបរួមគ្នា ទាំងអស់គ្នា មិនថាចិន ឬ ខ្មែរ»

ចំពោះកញ្ញាវិញ បានបន្តរៀបចំពិធីសែនចិននេះ រហូតមកដល់ពេលនេះ ព្រោះឱពុកម្តាយ កាត់សែស្រឡាយចិន កាចៀវ ហៃណាំ ជាដើម។ សម្រាប់ត្រៀមខ្លួន គឺរួចរាល់ហើយព្រោះជាទម្លាប់ ដូច្នេះ មុនថ្ងៃមកដល់ បានរៀបចំរួចរាល់ ដូចជា សែនជីដូនជីតា សម្រាប់ឆ្លងចូលឆ្នាំថ្មី។

រីឯ អ្នកនាង រក្សា ថា មកដល់ពេលនេះ តាមបណ្តាផ្សារ អាជីវករ ចាប់ផ្តើមលក់ទំនិញ ហើយពលរដ្ឋបានរៀបចំតុបតែងផ្ទះសម្បែង និងទិញរបស់របរខ្លះៗ ជាបណ្តើរហើយ។

«ភាគច្រើន ពួកគាត់សែនចូលឆ្នាំចិន ព្រោះជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិន អញ្ចឹង គាត់មាន មានជំនឿ និងទម្លាប់សែន តាំងពីជីដូនជីតា សាច់ញាត ពីមុន យូរមកហើយ ដោយសារតែប្រជាពលរដ្ឋ វប្បធម៌ ក៏ដូចជា ទំនៀមទម្លាប់ចិន គឺមានការសាយភាយច្រើន ទៅតាមបណ្តាប្រទេសផ្សេងៗ យើងឃើញថា ប្រទេសណា ដែលមានប្រជាជនចិនទៅដល់គឺ ជាប់សែស្រឡាយ គឺគាត់សែន ចឹង មានន័យថា មិនមែនតែក្នុងប្រទេសចិន មិនមែនសម្រាប់តែប្រជាជនចិនទេ គឺអ្នកដែលជាប់សែស្រឡាយចិន នៅបណ្តាប្រទេសផ្សេងៗ គឺគាត់មានទម្លាប់នៃការសែន»។

ទាំងកញ្ញា លី ចេង និង អ្នកនាង រក្សា បានប្រាប់បែបនេះ ក្នុងពេលចូលរួមកម្មវិធីអបអរនៃការមកដល់ពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៥ខាងមុខ ដែលរៀបចំឡើង នៅភ្នំពេញ កាលពីចុងសប្តាហ៍។

ជុំវិញបុណ្យចូលឆ្នាំចិន នេះដែរ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ នាពេលនោះថា ពិធីបុណ្យចូលឆ្នាំថ្មីចិនត្រូវបានដាក់បញ្ជូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ របស់អង្គការយូណេស្កូ បង្ហាញច្បាស់ថា «បុណ្យចូលឆ្នាំថ្មីចិនបានក្លាយជាបុណ្យចូលឆ្នាំ ទូទាំងពិភពលោក រួម ទាំងកម្ពុជ។ ការណ៍នេះ ត្រូវបានឯកឧត្តម Wang Wenbin ចាត់ទុកថា ពិធីបុណ្យចូលឆ្នាំថ្មីចិន គឺជាពិធីបុណ្យសម្រាប់ជនជាតិចិន និង ជនជាតិកម្ពុជា ហើយជាការបង្ហាញយ៉ាងសំខាន់ ចំពោះចំណងមិត្តភាព រវាងប្រជាជន នៃប្រទេសទាំងពីរ។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ នៅក្នុងពេលនោះ ផងដែរថា «ឆ្លៀតក្នុងឱកាស ដ៏រីករាយនេះ ខ្ញុំសូមអបអរសាទរ ជាមួយរដ្ឋាភិបាលចិន ក៏ដូចជា ប្រជាជនចិនទាំងអស់ ចំពោះការដាក់បញ្ជូលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នាសម័យប្រជុំ លើកទី១៩ នៃគណៈកម្មការអន្តររដ្ឋាភិបាល ដែលការចុះបញ្ជីនេះបញ្ជាក់ ឲ្យឃើញនូវតម្លៃវប្បធម៌ ប្រពៃណី នៃការរួមគ្នា ថែរក្សាមរតក ដែលមនុស្សជាតិបានបង្កើត និង ប្រតិបត្តិ»៕

វិទ្យុមិត្តភាពកម្ពុជាចិន