(ភ្នំពេញ)៖ កម្មវិធីសរសេរតាមអានសាធារណៈ «សំណេរអង្គរ» លើកទី២ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករា វេលាម៉ោង ៧ព្រឹក នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ខណៈដែលបេក្ខជនចាស់ជាងគេអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ឆ្នាំ។
គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះថា ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកអានអត្ថបទសម្រាប់បេក្ខជន។
ការប្រកួតនេះ មានគណៈកម្មការចូលរួមកែវិញ្ញាសាចំនួន ៦០នាក់ ដោយជ្រើសរើសម្ចាស់ជ័យលាភីចំនួន ៦នាក់ ដែល៣នាក់សម្រាប់បេក្ខជនអាយុចាប់ពី ១៩ឆ្នាំឡើង និង៣នាក់សម្រាប់បេក្ខជនអាយុចាប់ពី ១៨ឆ្នាំចុះក្រោម។
បើតាមគណៈកម្មការរៀបចំការប្រកួត យ៉ាងហោចណាស់មានបេក្ខជន ១ ២២០អង្គ/នាក់ មកពី២២រាជធានី-ខេត្ត រួមទាំងបរទេស ចូលរួមប្រកួតសរសេរតាមអាន «សំណេរអង្គរ»។ ក្នុងចំណោមបេក្ខទាំងអស់ មានព្រះសង្ឃ ៨២ អង្គ។ ព្រះសង្ឃ ៦៤អង្គ មានព្រះជន្មច្រើនជាង ១៩ វស្សា និង ១៨អង្គ មានព្រះជន្មក្រោម ១៨ វស្សា។ ព្រះសង្ឃ និមន្តពីខេត្តបាត់ដំបងមានច្រើនជាងគេចំនួន ២៤អង្គ, សៀមរាប ១៦អង្គ, បន្ទាយមានជ័យ ៩អង្គ,រាជធានីភ្នំពេញ ៦អង្គ, កំពង់ចាម ៥អង្គ កណ្ដាល និងត្បូងឃ្មុំ ៤អង្គដូចគ្នា។
ម្ចាស់ជ័យលាភីឆ្នាំ២០២៤
បេក្ខជន ចេង រតនា គឺទទួលបានជ័យលាភីលេខ១ នៃកម្មវិធីសរសេរតាមអានថ្នាក់ជាតិលើកទី១ «សំណេរអង្គរ»។ បេក្ខជនរូបនេះ សរសេរខុសតែ២ពាក្យប៉ុណ្ណោះ នៃសំណេរប្រឡងតាមអានថ្នាក់ជាតិរបស់ខ្លួន ខណៈបេក្ខជន វ៉ន រីដា ទទួលបានជ័យលាភីលេខ២ សរសេរខុស ៣ពាក្យ។ សម្រាប់ជ័យលេភីលេខ៣ បានលើទៅបេក្ខនារី យ៉ោប សុឃាក់។ បេក្ខនារីរូបនេះ សរសេរខុសតែ ៣ពាក្យប៉ុណ្ណោះ នៃសំណេរប្រឡងតាមអានថ្នាក់ជាតិរបស់ខ្លួន ដែលមានអ្នកចូលរួមជិត៧០០នាក់ នៅស្ពានហាលប្រាសាទអង្គរវត្ត។
ម្ចាស់ជ័យលាភី អក្សរស្អាតជាងគេ ឆ្នាំ២០២៤
មគ្គទេសក៍ប្រចាំតំបន់អង្គរ ពារ គឹមធន់ ទទួលបានចំណាត់ថ្នាក់លេខ១ លើផ្នែកអក្សរស្អាតជាងគេ ក្នុងកម្មវិធីប្រឡងសរសេរតាមអាន «សំណេរអង្គរ» រីឯបេក្ខនារី បួង ស្រីលីស បានលេខ២ និងបេក្ខនារី យុត សុម៉ាលី បានលេខ៣។
ការប្រកួតសរសេរតាមអានជាសាធារណៈ សំណេរអង្គរលើកទី១ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ និងចូលរួមគាំទ្រដោយក្រសួងពាក់ព័ន្ធនានា។ កម្មវិធីនេះ រៀបចំឡើងដើម្បីលើកស្ទួយភាសាខ្មែរ តាមរយៈការសរសេរតាមអាន បង្កើនចំណេះដឹង និងបង្ហាញពលរដ្ឋពីសារ:សំខាន់នៃភាសាខ្មែរ។ កម្មវិធីនេះ ក៏ជួយជំរុញសក្ដានុពលទេសចរណ៍ក្នុងស្រុកផងដែរ។
កន្លងមកកាលពីរដូវកាលទី១ មានបេក្ខជនជិត៧០០នាក់ ចូលរួមប្រកួតសរសេរតាមអាននៅបរិវេណស្ពានហាលប្រាសាទអង្គរវត្ត។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមធ្វើជាអ្នកអានអត្ថបទ ក្នុងកម្មវិធីសំណេររដូវកាលទី១ ផងដែរ៕