(ពោធិ៍សាត់)៖ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានបើកទំព័រឆ្នាំថ្មី នៃកិច្ចប្រជុំសាមញ្ញលើកទី៨ ឆ្នាំទី១ អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្ត ស្ថិតក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ហៀម ឃួន និងលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត តំណាងសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមប្រឹក្សាឃុំសង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត បានធ្វើការប្រជុំពិភាក្សា អនុម័តលើរបៀបវារៈ ចំនួន៧ រួមមាន៖
ទី១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៧ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
ទី២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត
ទី៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត
ទី៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត
ទី៥-ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ សម្រាប់ខែតុលា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៤
ទី៦-របាយកាណ៍របស់គណៈកម្មាធិការនានា
ទី៧-បញ្ហាផ្សេងៗ។

បន្ទាប់ពីបញ្ចប់ការប្រជុំពិភាក្សា និងអនុម័តលើរបៀបវារៈខាងលើនោះរួចមក, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា នៅក្នុងយន្តការដឹកនាំរបស់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើឱ្យខេត្តពោធិ៍សាត់ មានការប្រែមុខមាត់ថ្មីជាលំដាប់។ ថ្មីៗនេះ ដីសាធារណៈរបស់រដ្ឋ ដែលប្រជាពលរដ្ឋរស់នៅជាប់ច្រាំងស្ទឹងពោធិ៍សាត់ ត្រូវបានអភិបាលខេត្ត ធ្វើដោះស្រាយឱ្យពួកគាត់ចេញពីទីតាំងនោះ ដោយទទួលបានដីឡូតិ៍លំនៅដ្ឋានថ្មី ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ដើម្បីយកទីតាំងនោះ មកធ្វើការអភិវឌ្ឍឱ្យការរីកចម្រើន។

លោកក៏បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ សមត្ថកិច្ច និងប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានសមស្រប តាមគោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដំណាក់កាលទី១។ ជាមួយគ្នានោះ ត្រូវបង្កើនការអប់រំដល់ប្រជាពលរដ្ឋ នូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីរួមគ្នាកាត់បន្ថយអត្រាស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍។ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរឹតបន្តឹង និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ចំពោះសកម្មភាពក្រុមក្មេងទំនើង ដែលកាប់ចាក់គ្នា និងបង្កការអុកឡុកនៅតាមកម្មវិធីផ្សេងៗ។ ត្រូវទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបាន ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ គ្រឿងញៀន ចោរកម្ម បទល្មើសដីធ្លី បទល្មើសព្រៃឈើ និងបទល្មើសជលផលជាដើម។ មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីអនាម័យសុខភាព ដើម្បីការពារជំងឺឆ្លងគ្រប់ប្រភេទ។ ចំពោះមន្ទីរកសិកម្ម មន្ទីរធនធានទឹក និងមន្ទីរពាណិជ្ជកម្ម ត្រូវសហការឱ្យបានល្អ ជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីជួយកសិករ អំពីការដាំដុះដំណាំកសិកម្ម ពូជ ជី ទឹក និងទីផ្សារផងដែរ៕