(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំសហការី ចុះពិនិត្យ​មើលការឈូសឆាយផ្លូវ ការជីកអណ្ដូងទឹក និងជួបសំណេះសំណាលជាមួយក្រុមគ្រួសារអតីតយុទ្ធជនចំនួន ៦៥គ្រួសារ ដែលទើបមករស់នៅថ្មីនៅលើដីសម្បទានសង្គមកិច្ច និងបានឧបត្ថម្ភ​ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជនចំនួន២០គ្រួសារ ដែលមានជីវភាព​លំបាកខ្វះខាត នៅឃុំក្រយា ស្រុកសន្ទុក ។

នាឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយបានការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម កន្លងមកនេះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្ដល់ជូនអតីតយុទ្ធជនចំនួន ១៤១គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត មានផ្ទះមួយខ្នងទំហំ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ ព្រមទាំងបានផ្ដល់ដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារចំនួន ១ហិកតាកន្លះ ជូនដល់បងប្អូនក្រុមគ្រួសារមានរយៈពេលជាង៣ឆ្នាំកន្លងមកហើយ។ 

ដោយឡែកបច្ចុប្បន្ននេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកបានផ្ដល់ផ្ទះចំនួន៦៥ខ្នង និងដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារ ១ហិកតា ជូនដល់ក្រុមគ្រួសារតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន៦៥គ្រួសារថ្មីទៀត ដែលកំពុងដំណើរការសាងសង់បាន៩០ %ហើយ។ បច្ចុប្បន្នបងប្អូនអតីតយុទ្ធជនចំនួន​៩៥​ %​បានមករស់នៅជាបន្តបន្ទាប់នៅថ្ងៃនេះ។

នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ និងត្រួតពិនិត្យការឈូសឆាយផ្លូវ ជីកអណ្ដូងទឹកនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន ២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥ គីឡូក្រាម មីជាតិ០១ កេស ត្រីខកំប៉ុង០១យួរ និងទឹកត្រី ទឹកស៊ីអ៊ីវ០១យួរផងដែរ។

អតីតយុទ្ធជន ដែលបានមករស់នៅលើដីសម្បទានសង្គមកិច្ច បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតជូនពួកគាត់គ្រប់បែបយ៉ាងនាពេលកន្លងមក និងសូមគោរពជូនពរសម្ដេច និងលោកជំទាវ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕