(ភ្នំពេញ)៖ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានចេញវីដេអូគាំទ្រចំពោះគំនិតផ្តួចផ្តើមបង្កើតច្បាប់កំណត់ជន ឬក្រុមក្រុមជ្រុលនិយម ជាភេរវករ ដោយលោកចាត់ទុកថា នេះគឺជារឿងចាំបាច់ ស្របពេលជាតិត្រូវការសុខសន្តិភាព អភិវឌ្ឍ និងពង្រឹងសេដ្ឋកិច្ច។
ជំហររបស់ប្រធានគណបក្សរូបនេះ ធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានថ្លែងថា កម្ពុជាដល់ពេលហើយ ដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។
លោក អ៊ុន ជឹម បានបញ្ជាក់យ៉ាងដូច្នេះថា «មូលហេតុដែលខ្ញុំគាំទ្រ ការបង្កើតច្បាប់កំណត់ជន ឬក្រុមក្រុរសុខសន្តិភាព ក្រុមជ្រុលនិយម ជាក្រុមភេរវកម្ម ដោយសារប្រទេសជាតិបច្ចុប្បន្ននេះ ត្រូវការអភិវឌ្ឍ ប្រទេសជាតិត្រូវការពង្រឹងសេដ្ឋកិច្ច ប្រកួតប្រជែងសេដ្ឋកិច្ចនៅក្នុងតំបន់ផង ជុំវិញពិភពលោកផង»។
បើតាមលោក អ៊ុន ជឹម អ្នកនយោបាយ ត្រូវប្រកួតប្រជែងគ្នា ដោយអនុលោមតាមការបោះឆ្នោត ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពោលគឺមិនមែនតាមរយៈបញ្ឆេះកំហឹង និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយការធ្វើបដិវត្តន៍ឡើយ។
សូមជម្រាបថា ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយម បានប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដោយការបង្កើតយុទ្ធនាការ «ដោះអាវបក្ស ពាក់អាវជាតិ» និងការប្រើសញ្ញាណ «ផ្ការីក» ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ជាមួយគ្នានេះ ពួកគេបានប្រើយុទ្ធសាស្ត្រចលនាតស៊ូ នៅក្រៅប្រទេស ដូចជា ការប្រើប្រាស់មនោសញ្ចេតនាជាតិនិយមពាក់ព័ន្ធនឹងទឹកដី ព្រំដែន ធនធានធម្មជាតិ និងអធិបតេយ្យជាតិ ដូចជា ករណីព្រែកជីកហ្វូណនតេជោ, CLV-DTA, កោះត្រល់, កោះគជ់, ព្រំដែនគោក, ព្រំដែនទឹក, ធនធានធម្មជាតិ, ដីសម្បទាន និងជនអន្តោប្រវេសន៍វៀតណាមជាដើម។ បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន គេក៏ត្រូវយល់ឱ្យបានច្បាស់ថា សន្តិភាពនឹងមិនអាចគង់វង្សបានយូរអង្វែងឡើយ ប្រសិនបើពុំមានការផ្សះផ្សាជាតិ យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នទេនោះ៕