(ភ្នំពេញ)៖ ក្រុមជ្រុលនិយម បានបង្កើនឧបាយកលទុច្ចរិតកាន់តែពិសពុល ដើម្បីចង់បណ្តេញសន្តិភាព ចេញពីប្រទេសកម្ពុជាក្រោមយុទ្ធនាការលាបពណ៌វាយប្រហារដាក់មកលើគណបក្សប្រជាជនកម្ពុជា ជាពិសេសមកលើក្រុមគ្រួសារត្រកូល «ហ៊ុន» ដែលជាវង្សត្រកូលអ្នកបង្កើតសន្តិភាព ២៦ឆ្នាំរួចមកនេះ។ យុវជន និងយុវនារីខ្មែរ ដែលរស់នៅក្រោមដំបូលម្លប់សន្តិភាព បានប្តេជ្ញាការពារថែរក្សាសន្តិភាពឱ្យបានគង់វង្ស និងប្រឆាំងរាល់ឧបាយកលរបស់ក្រុមជ្រុលនិយម។ Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖

ភាពប្រឈមមុខរវាងក្រុមអ្នកការពារសន្តិភាព និងក្រុមចង់នាំប្រទេសដើរថយក្រោយទៅរកសង្គ្រាមវិញ ហាក់ដូចជាមានសន្ទុះពុះកញ្ជ្រោលគួរឱ្យកត់សម្គាល់។ ខណៈក្រុមជ្រុលនិយម បានបង្កើនឧបាយកលទុច្ចរិតកាន់តែពិសពុល និងកំណត់មុខព្រួញរបស់ខ្លួនសំដៅមកលើវង្សត្រកូល «ហ៊ុន» ដែលបង្កើតនយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យសន្តិភាព ២៦ឆ្នាំរួចមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងព្រមានថា ក្រុមគ្រួសារត្រកូល «ហ៊ុន» មិនមែនជាពូជពង្ស ដែលក្រុមជ្រុលនិយម អាចចង់ធ្វើអ្វីបានតាមចិត្តចង់នោះទេ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ការពង្រឹងភាពរឹងមាំនៃក្រុមគ្រួសារត្រកូល «ហ៊ុន» ដើម្បីការស្វែងយល់អំពីកត្តាវិទ្យាសាស្ត្រនយោបាយ ខណៈក្រុមគ្រួសារត្រកួល «ហ៊ុន» ហាក់ក្លាយជាមុខព្រួញមួយនៃការគំរាមកំហែងសុវត្ថិភាពដោយពួកក្រុមជ្រុលនិយម ដឹកនាំដោយទណ្ឌិត សម រង្ស៊ី។

ក្នុងប្រសាសន៍ថ្ងៃទី១៤ មករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៥ សម្តេចតេជោ បានថ្លែងជម្រុញឱ្យក្រុមគ្រួសារត្រកូល «ហ៊ុន» ត្រូវក្រេបជញ្ជក់នូវចំណេះដឹងវិទ្យាសាស្ត្រនយោបាយ ក្រោយការឃើញក្រុមជ្រុលនិយមបានកំណត់បន្ទាត់ក្រហមប្រឆាំងដល់ក្រុមគ្រួសារត្រកូល «ហ៊ុន»៖

«មុននេះខ្ញុំបានហាមពួកគេកុំឱ្យពាក់ព័ន្ធជាមួយនយោបាយ ត្រឹមតែខ្ញុំម្នាក់ទៅគ្រប់គ្រាន់ហើយ ប៉ុន្តែឥឡូវនេះ គឺខ្ញុំដាក់តម្រូវការកូនទាំងអស់បានចេញរួចហើយ បានដំណើរការរួចហើយ ប៉ុន្តែចៅទាំងអស់ ទោះបីរៀនមុខវិជ្ជាអ្វីក៏ដោយ តែត្រូវរៀនវិទ្យាសាស្រ្តនយោបាយ ព្រោះឥឡូវវាជាសង្គ្រាម គេបង្កើតសង្គ្រាមជាមួយត្រកូលហ៊ុន ។ អញ្ចឹងត្រកូលហ៊ុនទាំងអស់ ដែលមានចៅ១២ ឥឡូវកំពុងនៅក្នុងមហាវិទ្យានៅក្នុងឧត្តមសិក្សានិងក្រោយឧត្តមសិក្សាមានចំនួន៤ ៥នាក់ហើយ ។ អញ្ចឹងនៅបន្តចូលតទៀត ខ្ញុំឱ្យពួកគេរៀនវិទ្យាសាស្ត្រនយោបាយទាំងអស់ ដើម្បីចង់ដឹងមើលថាតើវាយ៉ាងម៉េច? ខ្ញុំមិនមែនចង់គ្រប់គ្រងដឹកនាំទេ ប៉ុន្តែមិនអាចមកប្រមាថសម្រាប់ស្ថានភាពបែបនេះ»

វិទ្យាសាស្ត្រនយោបាយ គឺជាចំណេះដឹងមួយសម្រាប់ផលប្រយោជន៍អ្នកនយោបាយទូទៅ ពីព្រោះចំណេះដឹងនេះ គឺជាឧបករណ៍ក្នុងការជួយមើលឱ្យធ្លុះនូវនយោបាយដ៏ស្មុគស្មាញ, ការវិភាគស៊ីជម្រៅ និងការយល់ដឹងទូលំទូលាយលើកិច្ចការនយោបាយដឹកនាំសង្គមជាតិថែមទៀត។

ក្នុងរយៈពេល ២៦ឆ្នាំកន្លងមកនេះ នៅប្រទេសកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ ដាក់ ចេញដោយសម្តេចតេជោ ហ៊ុន សែន ពលរដ្ឋខ្មែរទូទាំងប្រទេសបានរស់នៅយ៉ាងសុខសាន្ត ក្រោមដំបូលនៃសន្តិភាព ដែលជានយោបាយនាំមកនូវសុភមង្គលយូរអង្វែងដល់ប្រទេសជាតិ និងខុសគ្នាស្រឡះពីអតីតកាលសង្គ្រាម ដែលពលរដ្ឋកម្ពុជា ធ្លាប់តែជួបប្រទះនឹងគ្រាប់បាញ់គ្រាប់ផ្លោង និងភាពបែកបាក់គ្នា។ យុគសម័យនៃស្ថិរភាព និងការអភិវឌ្ឍន៍ដែលមិនធ្លាប់មានពីមុនមកនោះ បានអនុញ្ញាតឱ្យប្រជាជនកម្ពុជា មានលទ្ធភាពកសាងឡើងវិញនូវជីវិតរបស់ពួកគេ កសាងសហគមន៍ដែលរងភាពខ្ទេចខ្ទាំ ឱ្យក្លាយជាសហគមន៍ដ៏រឹងមាំ និងរីកចម្រើនដូចអ្វីតាមសេចក្តីប្រាថ្នា។ បើគ្មានសន្តិភាព២៦ឆ្នាំរួចមកនេះទេ កម្ពុជាក៏មិនមានភាពរីកចម្រើនដូចបច្ចុប្បន្ន និងអត្ថិភាពកម្ពុជាលើឆាកអន្តរជាតិ ក៏មិនល្បីល្បាញគួរជាទីមោទនដូចអ្វី ដែលកំពុងមានស្រាប់ក្នុងពេលនេះឡើយ។

*សន្តិភាពនៅកម្ពុជាស្ថិតក្នុងការគំរាមកំហែងដោយក្រុមជ្រុលនិយម

ទោះយ៉ាងណាក៏ដោយ សន្តិភាពដែលសម្រេចបានយ៉ាងខ្ជាប់ខ្ជួនរយៈពេល២៦ឆ្នាំមកនេះ មិនទាន់បានស៊ាំ១០០%ឡើយ ដោយសារតែក្រុមជ្រុលនិយម ជាពិសេសទណ្ឌិត សម រង្ស៊ី ជាមេខ្លោង ដែលពីមួយថ្ងៃទៅមួយថ្ងៃ តែងចងកំហឹងនឹងសម្តេចតេជោ និងក្រុមគ្រួសារត្រកួល «ហ៊ុន» និងពួកគេចង់ប្រែក្លាយទឹកដីដ៏មានសន្តិភាពនេះ ឱ្យធ្លាក់ចូលក្នុងវិបត្តិចលាចលសាជាថ្មីឡើងវិញ។

ក្រោមការក្លែងបន្លំដែលធ្វើឱ្យគេមើលឃើញថាវាជា «អំពើគាបសង្កត់» ឬថា «បំបិទសិទ្ធិ សេរីភាព» ដល់ប្រជាជននោះ, ក្រុមជ្រុលនិយម បានប្រើការផ្សព្វផ្សាយចោទប្រកាន់ជាមួយព័ត៌មានមិនពិត និងរឿងប្រឌិតនានា ដើម្បីប៉ុនប៉ងបង្កចលាចល និងបង្អាក់ដល់ភាពសុខដុមរមនា ដែលកម្ពុជាទទួលបានតាមរយៈសន្តិភាពប្រមាណ២៦ឆ្នាំមកនេះ។ សកម្មភាពញុះញង់បែបនោះ មិនត្រឹមតែគ្មានការទទួលខុសត្រូវប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កហានិភ័យអូសទាញប្រទេសឱ្យធ្លាក់ក្នុងជម្លោះសង្គ្រាមស៊ីវិលសាជាថ្មីវិញទៀតផងដែរ។

ទណ្ឌិត សម រង្ស៊ី ដែលច្រណែននិន្ទាក្នុងការឃើញពលរដ្ឋរស់នៅសុខសាន្ត ក្រោមដំបូលសន្តិភាពនៃនយោបាយឈ្នះ-ឈ្នះ ដែលជាមរតកដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរៀបចំបង្កើតឧបាយកលទុច្ចរិតជាច្រើន ក្នុងបំណងបំផ្លាញសន្តិភាព ដែលមានជាង២០ឆ្នាំរួចមកនេះ។ ឧបាយកលរបស់ពួកគេ គឺការដុតបញ្ឆេះកំហឹងអោយពលរដ្ឋស្អប់គណបក្សប្រជាជនកម្ពុជា ស្អប់ក្រុមគ្រួសារត្រកូល «ហ៊ុន» ពីព្រោះពួកគេដឹងថា «សនិ្តភាព» នឹងមិនអាចរងភាពរង្គោះរង្គើបានឡើយ បើសិនជានៅកម្ពុជា មានគណបក្សប្រជាជនកម្ពុជា ជាពិសេសក្រុមគ្រួសារត្រកូល «ហ៊ុន» ដែលប្តេជ្ញារក្សា និងការពារសន្តិភាពមិនឱ្យឃ្លាតចេញពីប្រទេសកម្ពុជានោះ។ ដើម្បីរកលេសបណ្តេញសន្តិភាពចេញពីកម្ពុជា ក្រុមជ្រុលនិយម បានកំណត់ទិសដៅរបស់ខ្លួនតាំងពីដើមទី ដោយត្រូវនិយាយចោទប្រកាន់អ្វីៗទាំងអស់ដាក់លើត្រកូល «ហ៊ុន» និងលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាច់ចង្កូតដឹកនាំប្រទេសបច្ចុប្បន្ន។

*យុវជន និងយុវនារីកម្ពុជា ប្តេជ្ញាការពាររក្សាសន្តិភាពស្ថិតស្ថិរគង់វង្ស

ក្រោមកិច្ចការពាររក្សា «សន្តិភាព» មិនឱ្យចាកចេញពីកម្ពុជានេះ ក្រុមយុវជនទូទាំងប្រទេសត្រូវគេឃើញថា ពួកគេបានរួមគ្នាបង្ហា្ហញនូវការរួមសម្បាច់ប្តេជ្ញាការពាររាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដែលជាគ្រឹះដ៏រឹងមាំនៃការទ្រទ្រង់សន្តិភាព។ ភាពប្តេជ្ញាចិត្តទាំងនោះ បានបង្ហាញតាមរយៈការបង្ហោះសាររៀងៗខ្លួន តាមបណ្តាញសង្គមជារៀងរាល់ថ្ងៃ និងសារជាច្រើននៃការប្តេជ្ញាថែរក្សាសន្តិភាពនោះ បែរជាត្រូវក្រុមជ្រុលនិយមប្រើវោហាសាស្ត្រជាពាក្យសម្តីប្រមាថ ជាមួយនឹងការធ្វើការបកស្រាយលាបពណ៌ក្នុងប្រការផ្សេងៗ ដោយចោទថាភាពប្តេជ្ញាចិត្តថែរក្សាសន្តិភាព មិនឱ្យឃ្លាតចាកឆ្ងាយពីមាតុភូមិរបស់ខ្លួននោះ ជាទង្វើមិនល្អនោះទៅវិញ។

សំណួរចោទឡើងថា តើវាមិនមែនជាទង្វើដ៏ល្អទេ ឬ នៅពេលយុវជននិងយុវនារី រួបរួមគ្នាដើម្បីការពារសន្តិភាពនោះ? ចម្លើយមកវិញ គឺមានតែការរក្សាសន្តិភាពទេ ទើបកម្ពុជាអាចមានអ្វីៗ ដែលខ្លួនចង់បាន ពីព្រោះបើប្រទេសធ្លាក់ក្នុងសង្គ្រាមហើយ ការរកសន្តិភាពមកវិញ នឹងគ្មានឱកាសនោះឡើយ ពីព្រោះកម្ពុជាធ្លាប់ហែលឆ្លងសង្គ្រាមជិត៣០ឆ្នាំរួចមកហើយ, កម្ពុជាឆ្អែតឆ្អន់នឹងសង្គ្រាមហើយ, សង្គ្រាមធ្វើឱ្យប្រទេសជាតិខ្ទេចខ្ទាំ, សង្គ្រាមធ្វើឱ្យមានមនុស្សស្លាប់ និងរបួស, សង្គ្រាមធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទី, ប្រទេសជាតិដើរថយក្រោយ និងសង្គ្រាមមិនអាចនាំកម្ពុជាឈានទៅរកត្រើយសុភមង្គលបានឡើយ។

ការចូលរួមរបស់យុវជនក្នុងការលើកកម្ពស់សន្តិភាព មិនត្រឹមតែជាទង្វើទទួលបាននូវការគោរពនិងកោតសរសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់សម្រាប់ចិរភាពរបស់សង្គម ពីព្រោះគឺសន្តិភាពនោះហើយ ដែលជាគ្រឹះនៃស្ថិរភាព និងវិបុលភាពរបស់ជាតិកម្ពុជា។ ប្រវត្តិសាស្រ្តបានបង្ហាញយើងរួចមកហើយថា នៅពេលមាន «សន្តិភាព» ហើយ ប៉ុន្តែបើសិនជាយើងមិនថែរក្សា, វាពិតជានឹងរត់ចេញពីប្រទេសទៅវិញជាមិនខានឡើយ។ ដូច្នេះ គឺទាមទារឱ្យយើង ត្រូវមានការប្រុងប្រយ័ត្នថែរក្សា «សន្តិភាព» ដែលកំពុងមាន ឱ្យបានស្ថិតស្ថិរជាប្រចាំ និងយើងត្រូវតែបង្កើនការប្តេជ្ញារួមគ្នាថែរក្សា «សន្តិភាព» ឱ្យកាន់តែសកម្មថែមទៀត។

ការចូលរួមរបស់យុវជនថែរក្សាសន្តិភាព គឺបង្ហាញនូវការធានាថា តម្លៃនៃសាមគ្គីភាព ស្ថិរភាព និងវឌ្ឍនភាព គឺជាសារសម្រាប់មនុស្សជំនាន់ក្រោយ និងលើសពីនេះទៀតនោះ ការចូលរួមរបស់យុវជនជំនាន់ក្រោយក្នុងកិច្ចការពារសន្តិភាពបន្តទៀតនោះ គឺជាទង្វើប្រឆាំងរាល់អ្វីនៃសម្តីមិនពិតរបស់ក្រុមជ្រុលនិយម ដែលព្យាយាមស្វែងរកការបណ្តេញសន្តិភាព ចេញពីកម្ពុជាដើម្បីតែមហិច្ឆតានយោបាយ។

*យុវជននិងយុវនារីកម្ពុជា មិនធ្វើដំណើរពីសន្តិភាព វិលត្រឡប់ទៅរកសង្គ្រាមវិញឡើយ

ជារៀងរាល់ថ្ងៃ នៅតាមបណ្តាញសង្គម យើងតែងតែឮសម្តីក្រុមជ្រុលនិយមដែលតែងរិះគន់ ដល់ក្រុមយុវជនថែរក្សាសន្តិភាព ជាមួយការចោទថា ពួកគេត្រូវបានគេរៀបចំ ឬចោទថា សកម្មភាពរបស់ពួកគេក្នុងការប្តេជ្ញាថែរក្សាសន្តិភាពនោះ គឺជាសកម្មភាពធ្វើទៅតាមការណែនាំរបស់រដ្ឋាភិបាលនោះទៅវិញ។ ប៉ុន្តែពួកគេបែរជាភ្លេចគិតទៅវិញថា គឺទង្វើរបស់ពួកគេ ដែលចង់នាំប្រទេសឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមនោះទៅវិញទេ ដែលជាទង្វើ ងងឹតងងុល ដោយពួកគេមិនព្រមបើកភ្នែក ទទួលស្គាល់ការពិតដែលពលរដ្ឋខ្មែរ បាននិងកំពុងរស់នៅយ៉ាងសុខសប្បាយក្រោមដំបូលសន្តិភាពបច្ចុប្បន្នឡើយ។

ក្រុមជ្រុលនិយម ត្រូវមើលឃើញឱ្យច្បាស់ថា យុវជនកម្ពុជាសព្វថ្ងៃ គឺជាពលរដ្ឋដែលទទួលបានព័ត៌មាននិងទំនាក់ទំនងច្រើនជាងពេលមុនៗ, ពួកគេទទួលបានការអប់រំ បច្ចេកវិទ្យា និងទស្សនវិស័យជាសកល ដែលការទទួលបានចំណេះដឹងទាំងឡាយនោះហើយ បានធ្វើឱ្យពួកគេ អាចធ្វើការសម្រេចចិត្តប្រកបដោយការគិតគូរអំពីអនាគតនៃប្រទេស ជាតិរបស់ខ្លួន និងពួកគេមិនមែនជាក្រុម ដែលមិនចេះគិតគូរចង់តែនាំប្រទេសរបស់ខ្លួន ដែលមានសន្តិភាព ឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមឡើយ។ ការជ្រើសរើសរបស់យុវជន និងយុវនារីក្នុងសង្គមកម្ពុជា ដែលកំពុងការពារសន្តិភាពបច្ចុប្បន្ន គឺជាមនសិការមួយដែលជំរុញដោយបំណងប្រាថ្នាដើម្បីការពារគ្រួសារ សហគមន៍ និងសេចក្តីប្រាថ្នារបស់ពួកគេ។

ផ្ទុយទៅវិញ ចំពោះក្រុមជ្រុលនិយមដែលចូលចិត្តតែប្រើវោហាសាស្ត្រត្មិះតិះដៀលដល់ក្រុមយុវជន ដែលថែរក្សាសន្តិភាព គឺក្រុមនោះទៅវិញទេ ដែលជាក្រុមមិនទទួលបាននូវចំណេះដឹង ភ្លឺថ្លាអ្វីសោះដល់ខ្លួនឯង ក្រៅតែពីការបើកភ្នែក ឬបិទភ្នែកជេរទៅលើក្រុមយុវជនដែលប្តេជ្ញា រក្សាសន្តិភាពដើម្បីភាពរុងរឿងនៃប្រទេសជាតិកម្ពុជានោះឡើយ។ សម្តីចោទប្រកាន់របស់ក្រុមជ្រុលនិយមជាមួយនឹងវោហាសាស្ត្រប្រកបដោយអសីលធម៌ប្រមាថយុវជន និងយុវនារី ដែលបំពេញកាតព្វកិច្ចថែរក្សាសន្តិភាព គឺសម្តីដែលគ្មានតម្លៃ និងជាសម្រាមរបស់ប្រវត្តិសាស្ត្រតែប៉ុណ្ណោះ៕