(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការធ្វើសកម្មភាពតវ៉ាបិទផ្លូវ មិនមែនជាដំណោះស្រាយល្អនោះទេ ប៉ុន្ដែអ្វីដែលគួរធ្វើនោះ ត្រូវនាំគ្នាជ្រើសរើសដំណោះស្រាយណាមួយ ដែលអាចដើរទៅបានទាំងអស់គ្នា គឺល្អប្រសើរជាង។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ឌិត ទីណា អញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។
គួររំលឹកថា កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋមួយក្រុម រស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បានបិទផ្លូវជាលេខ៥ ដើម្បីធ្វើសកម្មភាពតវ៉ា ស្នើឱ្យក្រសួងកសិកម្ម ជួយដោះស្រាយបញ្ហាស្រូវរបស់ពួកគាត់ចុះថ្លៃ។
បន្ទាប់មក នៅថ្ងៃ១៤ ខែមករា ឆ្នាំ២០២៥ លោក ឌិត ទីណា បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពប្រមូលផលស្រូវ និងពន្យល់ពីការជ្រើសរើសពូជស្រូវ ការចងក្រងជាសហគមន៍ទំនើបដល់កសិករ នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្នុងឱកាសចុះជួបកសិករនៅស្រុកមោងឫស្សី ខេត្តបាត់ដំបងដែលធ្វើការបិទផ្លូវជាតិលេខ៥នោះ លោករដ្ឋមន្ត្រី គុណគូរថ្លៃដើមចំណាយជាមួយកសិករ និងរកឃើញថា កសិករពួកគាត់លក់ស្រូវបាន ៩៥០រៀលក្នុង១គីឡូក្រាម ពួកគាត់មិនបានខាតបង់ទេ គ្រាន់តែប្រាក់ចំណេញរបស់ពួកគាត់តិចជាងមុន ដែលពីមុនស្រូវមានតម្លៃប្រមាណ ១០០០រៀលក្នុង១គីឡូក្រាម។
លោក ឌិត ទីណា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់លើកអំពីអ្វី ដែលជាមិនមែនដំណោះស្រាយ គឺការបិទផ្លូវ វាអត់មានជាដំណោះស្រាយនោះទេ នៅក្នុងលទ្ធិប្រជាធិបតេយ្យ គេចាប់ផ្ដើមធ្វើសកម្មភាពអ្វីមួយ គឺដើម្បីទាមទារឲ្យអ្នកដឹកនាំបានដឹងអំពីបញ្ហារបស់គេ»។
បន្ថែមលើសពីនេះ លោកបានលើកឡើងទៀតថា ពេលនេះ មិនមែនជាការស្ដីបន្ទោសគ្នានោះឡើយ ហើយការស្ដីបន្ទោសគ្នា មិនមែនជាដំណោះស្រាយនោះទេ ប៉ុន្ដែព្យាយាមមើលការពិតទាំងអស់គ្នា ហើយជ្រើសរើសដំណោះស្រាយ ដើរទៅទាំងអស់គ្នា។
ជាមួយគ្នានេះ លោក ឌិត ទីណា បានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ១២៨៩ ឬក៏ទៅរាយការណ៍ ទៅកាន់មន្ដ្រីកសិកម្មតាមភូមិ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជួយស្វែងរកដំណោះស្រាយ នូវបញ្ហាដែលយើងបានជួបប្រទះ៕