(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា សមិទ្ធិផលទាំងឡាយក្នុងវិស័យសុខាភិបាល គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកគាំទ្រ ពីសំណាក់ដៃគូអភិវឌ្ឍន៍ទាំងឡាយបានទេ ក្នុងនោះធនាគារពិភពលោក គឺជាដៃគូដ៏សំខាន់មួយ។
ការថ្លែងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Tania Meyer នាយកគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។
លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ ធនាគារពិភពលោក ដែលបានសហការចូលរួមចំណែកគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខភាពប្រជាជនកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការអនុវត្តលើគម្រោងសុខាភិបាលនានា។
លោកស្រី Tania Meyer ក៏បានថ្លែងអបអរសាទរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដឹកនាំក្រសួងសុខាភិបាល ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយដែលនាំឱ្យវិស័យសុខាភិបាល បានទទួលនូវសមិទ្ធិផលជាច្រើនគួរជាទីមោទនៈ ក្នុងរយៈពេលជាង១ឆ្នាំ កន្លងមក។
លោកស្រីបានជម្រាបលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី អំពីលទ្ធផលការងារជាមួយ ក្រសួងសុខាភិបាល និងបញ្ហាប្រឈមដែលកំពុងកើតមានក្នុងការអនុវត្តគម្រោងនានា នាពេលបច្ចុប្បន្ន និងអនាគត។
លោកស្រីនាយកធនាគារពិភពលោក ក៏បានបញ្ជាក់ជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការសហការី និងបានប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមគោលដៅរបស់ក្រសួងសុខាភិបាល និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕