(ព្រះវិហារ)៖ កុមារាកំសត់ម្នាក់ឈ្មោះ សេង សុវណ្ណ អាយុ៨ឆ្នាំ រៀនថ្នាក់ទី១ សាលាបឋមសិក្សាយុវជនអភិវឌ្ឍន៍ រស់នៅភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ រស់នៅជាមួយម្តាយសតិមិនគ្រប់ និងជីដូនចាស់ ជរាវ័យ៧៨ឆ្នាំ កំពុងជួបប្រទះនូវបញ្ហាលំបាកយ៉ាងខ្លាំង ដូចជាបញ្ហាសំលៀកបំពាក់ប្រចាំថ្ងៃ និងសំលៀកបំពាក់ទៅសាលារៀន មធ្យោបាយទៅសាលារៀន ដោយសារសាលារៀនឆ្ងាយពីផ្ទះ ក៏ដូចជាបញ្ហាហូបចុកប្រចាំថ្ងៃជាដើម។
ដោយទទួលបានដំណឹងដ៏សែនរំជួលចិត្ត ពីអ្នកគ្រូបន្ទុកថ្នាក់រៀបរាប់ស្តីពីការលំបាកវេទនារបស់កុមារា សេង សុវណ្ណ លោក ឃិត សុធារ៉ា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងព្រះវិហារ បានដឹកនាំក្រុមការងារ នាំយក អំណោយ ដែលបានមកពីការចូលរួមពីសមាជិក សមាជិកា ស.ស.យ.ក ក្រុងព្រះវិហារ ទៅផ្តល់ជូនកុមារាឈ្មោះ សេង សុវណ្ណ រួមមាន កង់ក្មេងជិះទៅរៀន ចំនួន០១គ្រឿង សៀវភៅចំនួន២០ក្បាល ខ្មៅដៃ និងប៉ិចចំនួន២០ដើម សំលៀកបំពាក់សិក្សាមួយចំនួន និងអាវរងារចំនួន០៣អាវ មុងគេង សម្រាប់ការពារមូសខាំ ចំនួន០១ សាប៊ូបោកខោអាវ និងកក់សក់ មួយចំនួន ថវិកា ចំនួន ១០០.០០០រៀល។
លោក ឃិត សុធារ៉ា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងព្រះវិហារ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ថា ក្រៅពីកុមារាកំសត់ សេង សុវណ្ណ ក៏នៅមានកុមារជាច្រើនទៀតក្នុងភូមិឯកភាពមានជីវភាពខ្វះខាត ដូចជាបញ្ហាសម្ភារសិក្សា សំលៀកបំពាក់ជាដើម លោកក៏ថ្លែងអំពាវនាវសប្បុរសបុរសជនជិតឆ្ងាយ ដែលមានបំណងជួយឧបត្ថម្ភ កុមារា សេង សុវណ្ណ និងកុមារ ផ្សេងទៀត អាចទំនាក់ទំនងតាមរយៈទូរស័ព្ទរបស់លោកផ្ទាល់ លេខ០១២ ២៧០០៣៦ លោកនឹងដឹកនាំក្រុមការងារ នាំអំណោយទាំងនោះទៅប្រគល់ជូនកុមារខ្វះខាតទាំងនោះដល់លំនៅដ្ឋាន៕