(ព្រះវិហារ)៖ ទីតាំងបន្ទប់ថែទាំជំងឺចំនួន២កន្លែង នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានក្រុមការងារគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ខេត្តព្រះវិហារ ចុះបិទមិនឱ្យបើកដំណើរការជារៀងរហូត នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។
លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងថា សមាសភាពគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលគ្មានច្បាប់អនុញ្ញាត ដែលចុះបិទសេវាសុខាភិបាលឯកជនទាំង២ទាំងតាំងនេះ ដឹកនាំដោយលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ និងរូបលោកផ្ទាល់ ដោយមានការចូលរួមពីអាជ្ញាធរដែនដីស្រុក ឃុំ ភូមិ និងសមត្ថកិច្ចពាក់ព័ន្ធ នៃស្រុកជាំក្សាន្ត និងលោក លោកស្រីក្រុមការងារសេវាឯកជន នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ ជាច្រើនរូនទៀត។
លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ទៀតថា ទីតាំងសេវាសុខាភិបាលឯកជនគ្មានច្បាប់អនុញ្ញាតទាំង២កន្លែងដែលបានបិទរួមមាន៖
*ទី១៖ បន្ទប់ថែទាំជំងឺឈ្មោះ កែប សុផល ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
*ទី២៖ បន្ទប់ថែទាំជំងឺឈ្មោះ លី សេង ស្ថិតនៅភូមិបង្គោលលេខ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក គួង ឡូ បានថ្លែងទៀតថា ទាក់ទងនឹងការបិទសេវាសុខាភិបាលឯកជនដែលគ្មានច្បាប់អនុញ្ញាតនេះ ក្រោមការការណែនាំពីក្រសួងសុខាភិបាល ដោយឱ្យមន្ទីរសុខាភិបាលទាំង២៥រាជធានីខេត្ត ពិសេសគណៈអភិបាល គឺពង្រឹងទៅលើការប្រកបអាជីវកម្មផ្នែកសុខាភិបាល អ្នកដែលប្រកបអាជីវកម្មសុខាភិបាលដោយខុសច្បាប់ត្រូវលុបបំបាត់ឱ្យអស់ ដូច្នេះគណៈកម្មការរបស់ខេត្ត និងមន្ទីរសុខាភិបាលខេត្ត គឺយើងគោរពទៅតាមអ្វីដែលជាការណែនាំ របស់ក្រសួងសុខាភិបាល ដែលមានលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលលោកបានណែនាំ។
ដើម្បីបង្ហាញថា ទីតាំងសេវាសុខាភិបាលឯកជនមួយមានច្បាប់ទំលាប់ត្រឹមត្រូវ ពិសេសដើម្បីផ្តល់ភាពជឿទុកចិត្តពីប្រជាពលរដ្ឋនោះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងដោយធ្វើការសំណូមពរដល់ម្ចាស់ទីតាំង សេវាសុខាភិបាល ឯកជនទាំងអស់ ត្រូវដាក់តាំងបង្ហាញច្បាប់អនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវរបស់ខ្លួនឱ្យពលរដ្ឋបានឃើញ ដោយលោកលើកឡើងថាការដែលម្ចាស់ទីតាំងដាក់បង្ហាញច្បាប់អាជីវកម្មត្រឹមត្រូវ គឺជាការចំណេញរបស់គាត់ទៅវិញទេ ព្រោះប្រជាពលរដ្ឋពេលដែលគាត់ចូលមក ហើយមើលឃើញថា កន្លែងដែលគាត់មកទទួលសេវា គឺមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ជាកន្លែងមួយដែលស្របច្បាប់ មានន័យថាកន្លែងហ្នឹងមានគុណភាព មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូច្នេះគាត់នឹងមិនព្រួយបារម្ភពេលមកទទួលសេវានៅកន្លែងយើងនោះទេ ហើយក៏ជាការបង្ហាញនូវការចូលរួមលុបបំបាត់សេវាសុខាភិបាលឯកជនដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវផងដែរ៕