(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារជាមួយលោកវរសេនីយ៍ឯកពិសេស សឹង ដាជឿ (SHENG DAZHI) ប្រធានការិយាល័យអនុព័ន្ធយោធាថ្មី អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ក្នុងឱកាសលោកត្រូវក្រសួងការពារប្រទេសចិន តែងតាំងឱ្យមកបន្តបេសកកម្មការទូតយោធាប្រចាំនៅកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងទាក់ទងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសម្តែងការអបអរស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកវរសេនីយ៍ឯកពិសេស សឹង ដាជឿ ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងការពារប្រទេសចិន បានចាត់តាំងជាប្រធានការិយាល័យអនុព័ន្ធយោធាចិន ប្រចាំកម្ពុជានាពេលនេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះឯកអគ្គរដ្ឋទូត និងប្រធានការិយាល័យអនុព័ន្ធយោធា នៃសាធារណរដ្ឋប្រជាមានិតចិន (ចាស់-ថ្មី) ប្រចាំកម្ពុជាសុទ្ធសឹងជាតួអង្គដ៏មានសារៈសំខាន់ ក្នុងការទំនាក់ទំនង ដោះស្រាយបញ្ហា និងពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ កម្ពុជា-ចិន នាពេលកន្លងមក និងទៅអនាគត់។ តាមរយៈនេះនាយឧត្តមសេនីយ៍ សង្ឃឹមជឿជាក់ថា ក្នុងតួនាទីរបស់លោកវរសេនីយ៍ឯកពិសេស សឹង ដាជឿ កងទ័ពកម្ពុជា និងចិននឹងធ្វើការពង្រឹងពង្រីកទំនាក់ទំនងជាច្រើនថែមទៀត និងចូលរួមអនុវត្តន៍ឱ្យបានជោគជ័យតាមការដឹកនាំរបស់ប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានលើកឡើងផងដែរ អំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អររវាងកងទ័ពទាំងពីរកម្ពុជា-ចិន ដែលបានឈានពីគ្រប់ជ្រុងជ្រោយ មកដល់មិត្តភាពដែកថែប និងបានបន្តពូនជ្រុំឈានមកដល់មិត្តភាព និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ហើយកម្ពុជាតែងគាំទ្រនូវការផ្តួចផ្តើមគំនិតរបស់ប្រទេសចិន ពិសេសរួមគ្នាកសាងប្រកបដោយគុណភាព នូវសហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្ដែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំកងទ័ពរំដោះប្រជាជនចិន ដែលរហូតមកតែងតែបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតីសម្ភារ ដល់ការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទជាច្រើន លើការងារកសាងសមត្ថភាព ដើម្បីការពារមរណភាពទឹកដីរបស់កម្ពុជា ក្នុងនោះមានដូចជាការជួយកសាងមូលដ្ឋានគ្រឹះ វិទ្យាស្ថានហ្វឹកហ្វឺន ការកសាងមូលដ្ឋានកងទ័ព ការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ការធ្វើសមយុទ្ធនាគមាសជាបន្តបន្ទាប់ ដើម្បីបង្កើនសមត្ថភាព និងដកពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក។

នាយឧត្តមសេនីយ៍ ក៏បានជម្រាបជូនប្រធានការិយាល័យអនុព័ន្ធយោធាចិន ថាសម្រាប់ការធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ ខាងមុខនេះ ក្រុមការងារកងទ័ពទាំងពីរ និងបន្តជួបពិភាក្សាគ្នានៅពេលឆាប់ៗនេះ ដើម្បីដាក់ចេញនូវផែនការ ខ្លឹមសារ តាមសេនាឌីយូមួយដែលកងទ័ពទាំងពីរឯកភាពគ្នា និងស្របតាមយុទ្ធសាស្ត្រកងទ័ពទាំងពីរ។

ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សូមឱ្យក្រុមការងារទាំងពីរយកចិត្តទុកដាក់ធ្វើឱ្យបានហ្មត់ចត់ ដាក់ចេញជាផែនការច្បាស់លាស់ ទីកន្លែង ពេលវេលា ខ្លឹមសារ កម្លាំងចូលរួម និងគ្រឿងបំពាក់ ព្រមទាំងការងារធានាឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា។ ជាពិសេសត្រូវមានផែនការការពារសុវត្ថិភាពឱ្យបានទាំងមនុស្ស និងគ្រឿងបំពាក់។ ក្រៅពីការងារសមយុទ្ធនៅមានការងារជាច្រើនទៀត ដែលកងទ័ពទាំងពីរត្រូវបន្តកិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសតាមរយៈប្រធានការិយាល័យអនុព័ន្ធយោធាថ្មីប្រចាំកម្ពុជា ដែលត្រូវជួយការងារបន្តលើការងារជាច្រើនក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹក ការកសាងវិទ្យាស្ថាននាយទាហានចម្រុះ (ថ្លុកតាសេក) និងជំនាញផ្សេងៗទៀតដល់កងយោធពលខេមរភូមិន្ទ ដើម្បីកម្ពុជាមានគ្រប់លទ្ធភាព ក្នុងការពង្រឹងវិស័យការពារជាតិរបស់ខ្លួនឲ្យមានភាពកាន់តែរឹងមាំ។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯកពិសេស សឹង ដាជឿ បានប្រសាសថាលោកបានមកដល់ប្រទេសកម្ពុជា នាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ហើយពេលមកដល់ភ្លាម លោកបានទទួលសារលិខិតចូលរួមមរណៈទុក្ខ ចំពោះគ្រោះមហន្តរាយរញ្ជួយដីនៅប្រទេសចិន ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងទ័ពកម្ពុជា ផ្ញើជូនទៅរដ្ឋមន្ត្រីក្រសួងការពារប្រទេសចិន ហើយភាគីចិនសូមថែ្លងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា ដែលយកចិត្តទុកដាក់អំពីបញ្ហានេះ។ មកដល់កម្ពុជាលោកមានការរំភើបសប្បាយចិត្តជាខ្លាំង ដោយបានឃើញភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងទឹកមុខប្រកបដោយស្វាមីភ័ក្រ្ត រាក់ទាក់ ក្នុងការទទួលស្វាគមន៍ដោយមិនរើសអើងពីសំណាក់ថ្នាក់ដឹកនាំ កងទ័ព និងប្រជាជនកម្ពុជាចំពោះលោក។

លោកវរសេនីយ៍ឯកពិសេស បានបញ្ជាក់ថា ចិន-កម្ពុជា ជាមិត្តដ៏ល្អនឹងគ្នាស័ក្តិសមនឹងការប្រសិទ្ធនាមមិត្តភាពដែកថែប ដែលប្រទេសទាំងពីរមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយ ក្នុងការទំនាក់ទំនង រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ពិសេសរវាងថ្នាក់ដឹកនាំប្រទេសយើងទាំងពីរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, លោកប្រធានាធិបតី ស៊ីជីងពីង និងសម្តេចតេជោ ហ៊ុន សែន ទាំងការគោរពគ្នា និងជួយគ្នាទៅវិញទៅមក។ មគ្គុទេសក៍ចិន, ប្រធានាធិបតី ស៊ីជីងពីង ធ្លាប់បានផ្តួចផ្តើមនូវគំនិតខ្សែក្រវ៉ាត់ និងផ្លូវ សហគមជោគវាសនារួម និងគំនិតទាំងបី ទាំងនេះជាផលិតផលសន្តិសុខសាធារណៈសម្រាប់មនុស្សជាតិ។

លោកវរសេនីយ៍ឯកពិសេស សឹង ដាជឿ បានបញ្ជាក់ថា ចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយនឹងកម្ពុជា ជាបន្តទៅទៀត ហើយលោកនឹងខិតខំបំពេញតួនាទីជាស្ពានចំណងមិត្តភាពរវាងប្រទេសទាំងពីរ ប្រជាជន និងកងទ័ពទាំងពីរឱ្យកាន់តែប្រសើរឡើង៕