(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានបង្ហាញអំពីហេតុផល «៦ចំណុច បូក១» ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាត លោក លិម គិមយ៉ា។
លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានខ្មាន់កាំភ្លើងជនជាតិថៃធ្វើឃាត កាលពីវេលាម៉ោង ១៧៖៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។
លោក សួន សេរីរដ្ឋា បានឲ្យដឹងថា ៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា រួមមាន៖
* ១៖ លិម គិមយ៉ា មិនមែនជាបុគ្គលអ្នកនយោបាយល្បី ដែលលេចធ្លោ ឬជាឆ្អឹងទទឹងជាប់បំពងក របស់ គណបក្សកាន់អំណាច ដែលធ្វើឲ្យមានឧបសគ្គនយោបាយអ្វីនោះទេ
* ២៖ លិម គិមយ៉ា គឺជាសត្រូវមនោគមវិជ្ជានយោបាយរបស់ សម រង្ស៉ី តាំងពី លិម គិមយ៉ា នៅជាបុគ្គលិកស្ថាប័នហិរញ្ញវត្ថុបារាំង មុនចូលប្រឡូកនយោបាយ ក្នុងប្រទេសខ្មែរម្លេះ
* ៣៖ ឃាតករ ដែលធ្វើសកម្មភាពរួច បែរជារត់ចូលដីខ្មែរ (?) មិនចេញទៅឡាវ ភូមា ឬម៉ាឡេស៊ី ! នេះជាគម្រោងរៀបចំជាមុន ដើម្បីទម្លាក់កំហុសលើមេដឹកនាំកម្ពុជា… ពីព្រោះថា គ្មាននណាល្ងង់ដែលជួលមនុស្សឲ្យធ្វើរឿងឧក្រិដ្ឋហើយ ប្រាប់ឲ្យរត់មកចូលក្នុងផ្ទះខ្លួនឯងទេ
* ៤៖ កម្ពុជា មិនបានបណ្តោយឲ្យឃាតករ រត់ឬលាក់ខ្លួនក្នុងដីខ្លួនទេ! ចាប់ខ្លួនហើយរៀបចំបញ្ជូនឲ្យភាគីថៃភ្លាមៗ ដើម្បីម្ចាស់ការសាកសួរនិងស៊ើបអង្កេត
* ៥៖ ភ្លាមៗ សម រង្ស៉ី និងក្រុមបក្ខពួក ព្រមទាំងវិទ្យុដែលគាំទ្រ សម រង្ស៉ី នៅក្រៅប្រទេស ខំផលិតមាតិកា ជាប្រព័ន្ធធ្វើការផ្សាយស្រោចចោទប្រកាន់មកលើមេដឹកនាំកម្ពុជា ទាំងខាងនគបាលថៃ មិនទាន់ចេញសេចក្តីសន្និដ្ឋានណាមួយនៅឡើយ… គឺចេតនាបង្កើតព័ត៌មានប្រដិតឲ្យប្រឆាំងលុបលើលទ្ធផលស៊ើបអង្កេតរបស់នគរបាលថៃ នៅពេលខាងមុខ
* ៦៖ មកដល់ពេលនេះ បុគ្គល ២រូប ដែលតុលាការថៃបានចេញដីកាចាប់ខ្លួន គឺម្នាក់ជាអតីតជំនិត ជាអង្គរក្ស ជាមេចលនារបស់ សម រង្ស៉ី និងជាអ្នករកស៊ីលុយកាក់រកចំណេញជាមួយមេដឹកនាំនិងអតីតតំណាងរាស្ត្រសង្គ្រោះជាតិ (ខាង សម រង្ស៉ី) រាប់ទសវត្សមកហើយក្នុងទឹកដីថៃ…និងម្នាក់ទៀតមានការនិយាយលើកថា ជាប្អូន របស់មេគណបក្សនយោបាយ មួយផ្សេងទេ…
* និង ដោយឡែក នៅថ្ងៃនេះ នគរបាលព្រហ្មទណ្ឌថៃ បានចេញមកបង្ហាញលទ្ធផលនៃការស៊ើបអង្កេតនៅចំពោះមុខអ្នកសារព័ត៌មានថា «ឃាតកម្មសម្លាប់លោក លិម គិមយ៉ា គឺជាគំនុំជម្លោះរកស៊ីផ្ទាល់ខ្លួន មិនជាប់ពាក់ព័ន្ធនឹងនយោបាយកម្រឹតប្រទេសទេ» នគរបាលព្រហ្មទណ្ឌថៃក៏បានបញ្ជាក់ច្បាស់ថា៖ ប៉ូលីសធ្វើការ មិនព្យាយាមផ្គាប់ចិត្តអ្នកណាម្នាក់ឡើយ…។
បើតាមលោក សួន សេរីរដ្ឋា សន្និដ្ឋានតាមរយៈការឆ្លុះបញ្ចាំង ៦ ចំណុចខាងលើ និងបូក១ ជាការប្រកាសពីខាងនគរបាលព្រហ្មទណ្ឌថៃនេះ គឺបង្ហាញថាឃាតកម្មលើលោក លិម គិមយ៉ា មិនមានជួបពាក់ព័ន្ធជាមួយ មេដឹកនាំកម្ពុជាទេ ! ផ្ទុយទៅវិញ កម្ពុជានិងមេដឹកនាំកម្ពុជា គឺជាក្រុមភាគីរងគ្រោះ ដែលត្រូវបាន សម រង្ស៉ី និងបក្ខពួកប្រព្រឹត្តិហើយយកអំពើដែលពួកគេប្រព្រឹត្តិនោះ មកជះទម្លាក់កំហុសលើយ៉ាងអយុត្តិធម៌ និងធ្វើជំនួញនយោបាយ ដើម្បីមហិច្ឆតានយោបាយអាក្រក់របស់ក្រុមខ្លួន។
លោកបានបន្តថា យុត្តិធម៌និងភាពស្អាតស្អំរបស់ មេដឹកនាំកម្ពុជាដែលប្រកាន់ជំហរសន្តិភាពនិយម សាមគ្គីរួមរួមជាតិនិយម និងជំហរនយោបាយអន្តរជាតិគឺ ឯករាជ្យផ្អែកលើច្បាប់! នោះនឹងបង្ហាញឆាប់ៗតាមរយៈការស៊ើបអង្កេតដោយឯករាជ្យរបស់ នគរបាលព្រហ្មទណ្ឌ និងព្រះរាជអាជ្ញាថៃ ដែលជាម្ចាស់ទីតាំងនៃអំពើរឃាតកម្ម៕