(ភ្នំពេញ)៖ សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បើកសិក្ខាសាលាតម្រង់ទិសស្តីពី «ការប្រើប្រាស់ឧបករណ៍វាយតម្លៃសមត្ថភាពគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយ»។ សិក្ខាសាលានេះ ប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពលោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងលោកស្រី Ronilda Co ប្រធានកម្មវិធី នៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ព្រមទាំងលោក លោកស្រី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៅតាមរាជធានី ខេត្ត, លោក លោកស្រីអភិបាលក្រុង ស្រុក។
លោក សយ កុសល បន្តថា នៅពេលដែលភាគីពាក់ព័ន្ធរួមគ្នាពិភាក្សា ចែករំលែកការយល់ដឹងយុទ្ធសាស្ត្រ និងដំណោះស្រាយ ដែលនឹងបង្កលក្ខណៈ អំពីការគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវទទួលស្គាល់ថា នេះមិនមែនគ្រាន់តែជាបញ្ហានៃការឆ្លើយតបបន្ទាន់ទេ គឺជាដំណើរការ នៃការបង្ការ ការកាត់បន្ថយ ការត្រៀមលក្ខណៈ និងការស្តារឡើងវិញ។
លោកបន្ដថា ការងារនេះទាមទារឲ្យមានកិច្ចសហការ នវានុវត្តន៍ ហើយសំខាន់បំផុត គឺការប្តេជ្ញាចិត្ត ដើម្បីការពារអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជន។ លើសពីនេះ អនុញ្ញាតឲ្យប្រើឱកាសនេះ ដើម្បីចែករំលែកការយល់ដឹងយុទ្ធសាស្ត្រ និងដំណោះស្រាយដែលនឹងបង្កលក្ខណៈឱ្យយើងកសាងអនាគតប្រកបដោយសុវត្ថិភាព និងមានភាពធន់សម្រាប់មនុស្សគ្រប់រូប។
សិក្ខាសាលាតម្រង់ទិសនេះ មានគោលបំណង៖
* ដើម្បីតម្រង់ទិសសមាជិកស ម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានអំពីការប្រើប្រាស់ឧបករណ៍ស្វ័យវាយតម្លៃ APP
* ដើម្បីជួយសម្រួលដល់ការចែករំលែក និងការផ្សព្វផ្សាយឧបករណ៍ស្វ័យវាយ តម្លៃ APP ជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូសំខាន់ៗ ផ្សេងទៀតនៅមូលដ្ឋាន។
ឧបករណ៍ស្វ័យវាយតម្លៃមានគោលបំណងជួយដៃគូនៅមូលដ្ឋាន ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងប្រតិបត្តិការរបស់ខ្លួន ដើម្បីវាយតម្លៃ និងលើកកំពស់ប្រសិទ្ធភាព នៃការរៀបចំ និងការចូលរួមរបស់ស្ថាប័ន នៅមុនពេល ក្នុងអំឡុងពេល និងក្រោយពេល មានគ្រោះមហន្តរាយ។ ឧបករណ៍ទាំងនេះ អាចឱ្យដៃគូនៅមូលដ្ឋានវាយតម្លៃការដាក់ បញ្ចូលស្តង់ដារមនុស្សធម៌ស្នូលទៅក្នុងការងាររបស់គាត់ និងការចូលរួមរបស់ស្ថាប័ន គាត់ នៅមុនពេល ក្នុងអំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយ។
ADPC មានគោលបំណងផ្សព្វផ្សាយឧបករណ៍ APP ដល់សមាជិកសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានក្នុងបំណងកសាងការយល់ដឹង និងការប្រើប្រាស់ឧបករណ៍ទាំងនេះ ក្នុងចំណោមរដ្ឋបាលមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីឈានទៅរកការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព។
សូមជម្រាបថា គ្រោះមហន្តរាយអាចកើតមានឡើងគ្រប់ពេលវេលា គ្រប់ទីកន្លែង និងបង្កផលប៉ះពាល់មនុស្សគ្រប់រូប ដោយគ្មានការរើងអើង។ ផលប៉ះពាល់នៃគ្រោះធម្មជាតិ ដូចជា ៖ រញ្ជួយដី ទឹកជំនន់ និងខ្យល់ព្យុះ និងវិបត្តិ ដែលបង្កឡើងដោយមនុស្ស ដូចជា គ្រោះថ្នាក់ឧស្សាហកម្ម មានទំហំធំធេងណាស់៕