(កំពង់ធំ)៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុង ភូមិសាស្ត្រខេត្តកំពង់ធំ បានដឹកនាំសហការីជួបសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈជាជំនួយឧបតត្ថម្ភរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីប្រចាំការទីស្ដីការគណៈរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលតំបន់ជាំក្របីនិងភ្នំប្រង់ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ ក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ព្រមទាំងបានថ្លែងកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំសហការគ្នាក្នុងការបំពេញភារកិច្ច ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នាពេលកន្លងទៅ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។
នៅក្នុងឱកាសក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចម្រុះ ត្រូវបន្តភារកិច្ចឲ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិតាមផែនការដែលបានប្រគល់ ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដាច់ខាតមិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋ ជាថ្មីទៀតបានឡើយ ហើយចំពោះផ្ទៃដីដែលបានរកឃើញដោយការលួចកាប់ទន្ទ្រានកន្លងទៅ ត្រូវធ្វើការគ្រប់គ្រងឲ្យបានហ្មត់ចត់ មិនឱ្យធ្លាក់ដល់ដៃជនណាមួយ ជាដាច់ខាត។ ចំពោះជនណាដែលនៅតែ បន្តកាប់ទន្ទ្រានដីរដ្ឋយកធ្វើជាកម្មសិទ្ធិ ត្រូវចាប់ឃាត់ខ្លួន និងវត្តុតាងបញ្ជូនៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ជាធរមាន។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប្រេងសាំងចំនួន ៤០០លីត្រ អង្ករចំនួន ២០០គីឡូក្រាម មីជាតិចំនួន ៦កេស ត្រីខចំនួន១៥យួរ និងទឹកត្រីទឹកស៊ីអ៊ីវចំនួន៤យួរ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលទាំង២គោលដៅ ផងដែរ៕