(រតនគិរី)៖ ក្រោមការយកចិត្តទុកដាក់ជួយសង្គ្រោះពីសំណាក់ក្រុមគ្រូបពេទ្យ ស្ត្រីម្នាក់រស់នៅក្នុងក្រុមគ្រួសារដែលមានជីវភាពក្រីក្រ នៅស្រុកវ៉ើនសៃ ខេត្តរតនគិរី បានសម្រាលកូននៅលើទូកដោយជោគជ័យ កាលពីវេលាម៉ោង៩៖០០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ និងបានបញ្ជូនទៅ​សម្រាកព្យាបាលនៅមណ្ឌលសុខភាពឃុំហាត់ប៉ក់ ស្រុកវ៉ើនសៃរួចរាល់ហើយ។

បើតាមលោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ ប្រធានការិយាល័យជំងឺឆ្លង និងចាក់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះថា ដោយមានការណែនាំពី​​លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ឲ្យក្រុមគ្រូពេទ្យតាមមណ្ឌលសុខភាពប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ក្នុងការជួយអន្តរាគមន៍ប្រជាពលរដ្ឋ​ដែលជួបប្រទះជំងឺផ្សេងៗ ដូច្នេះស្ត្រីឆ្លងទន្លេខាងលើ ជួយសង្គ្រោះបានទាន់ពេលវេលា។

បើតាមលោកគ្រូពេទ្យ សែន រដ្ឋា ប្រធានមណ្ឌលសុខភាពហាត់ប៉ក់ ប្រាប់ឲ្យដឹងថា ស្ត្រីឆ្លងទន្លេលើទូកមានឈ្មោះ វ៉ាន់ នី អាយុ៣១ឆ្នាំ (កូនស្រី) និងប្តីឈ្មោះ បឿន កី អាយុ ២៩ឆ្នាំ។ រហូតមកដល់ពេលស្ត្រីឆ្លងទន្លេ និងទារិកាមានសុខភាពល្អប្រសើរក្រោមការមើលថែពីក្រុមគ្រូពេទ្យ។ លោកបន្តថា គ្រួសារខាងលើនេះមានជីវភាពទីទល់ក្រ ដូច្នេះសូមអំពាវនាវសប្បុរសជនជាជួយឧបត្ថម្ភគ្រួសារពួកគាត់ផង៕