(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានចាប់ផ្ដើមដំណើរការសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ដឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ញ៉ែម សំអឿន អភិបាលខេត្ត។ តាមគម្រោងសន្និបាតនេះនឹងធ្វើឡើងរយៈពេល២ថ្ងៃ ដោយបិទបញ្ចប់នៅថ្ងៃទី១៧ ខែមករាស្អែក ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី។
សន្និបាតនេះធ្វឡើងក្នុងគោលបំណង៖
*ទី១៖ ឆ្លុះបញ្ចាំងអំពីលទ្ធផល នៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត ក្នុងនាមតំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាល សេវាសាធារណៈនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន
*ទី២៖ ផ្សព្វផ្សាយសមិទ្ធផលនានាដែលរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធសម្រេចបានក្នុងឆ្នាំកន្លងមក ក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា
*ទី៣៖ ធានាឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានាក្នុងដំណើរការអភិវឌ្ឍន៍ខេត្ត
*ទី៤៖ ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលកើតមានឡើងពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលគ្រប់លំដាប់ថ្នាក់
*ទី៥៖ លើកទិសដៅអនុវត្តការងារសំខាន់ៗរបស់រដ្ឋបាលខេត្ត ដើម្បីផ្សាភ្ជាប់នឹងកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ជាពិសេសជំរុញផែនការក្នុងការនាំឆ្ពោះទៅសម្រេចបានជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។
ថ្លែងក្នុងឱកាសនោះ លោក ញ៉ែម សំអឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី ដែលជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារអភិវឌ្ឍន៍ខេត្ត និងកិច្ចសហការគាំទ្រ ដល់រដ្ឋបាលខេត្ត ក្នុងការបំពេញបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាជន រហូតសម្រេចបានលទ្ធផល នានាជាច្រើនគួរជាទីមោទនៈ ដែលបានធ្វើឲ្យខេត្តរតនគិរីមានការរីកចម្រើនជាលំដាប់ ប្រជាពលរដ្ឋមានការរីករាយបានទទួលផ្លែផ្កាពីសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងដោះស្រាយបាននូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានា ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា៕