(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់លោក សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីប្រកាសផ្សាយអំពី ការចាប់ផ្តើមដំណើរការឃោសនាបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។
លោក សោម សូរីដា បានលើកឡើងថា ការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ មានរយៈពេល៨ថ្ងៃ គឺត្រូវចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
គ្រប់សកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ត្រូវចាប់ផ្តើមពីម៉ោង៦៖០០ព្រឹក ដល់ម៉ោង១០៖០០យប់ និងត្រូវឈប់សម្រាកនៅចន្លោះ ពីម៉ោង១០៖០០យប់ ដល់ម៉ោង៦៖០០ព្រឹក។ សកម្មភាពឃោសនាបោះឆ្នោត ដោយឧបករណ៍បំពងសំឡេងត្រូវហាមឃាត់ជាទូទៅចាប់ពីម៉ោង១២៖០០ថ្ងៃត្រង់ ដល់ម៉ោង២៖០០រសៀល។ គ្រប់សកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ត្រូវបញ្ឈប់ក្នុងរយៈពេល២៤ម៉ោង មុនថ្ងៃបោះឆ្នោត និងក្នុងថ្ងៃបោះឆ្នោត។
លោក សោម សូរីដា បានបន្ដថា ការឃោសនាបោះឆ្នោតមានទិសដៅ ឲ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួនជូនអ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែង ក្នុងមណ្ឌលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។ អំពីសកម្មភាពហែក្បួនឃោសនាបោះឆ្នោត លោកបានបញ្ជាក់ជូនថា ទម្រង់ និងទំហំនៃការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះ គ្រប់ប្រភេទត្រូវបានកំណត់ក្នុងបទបញ្ជា និងនីតិវិធី។
លោកបន្តថា គណបក្សនយោបាយដែលមានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ យ៉ាងតិចឲ្យបាន៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។ គណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម អាចហែក្បួនព្យុហយាត្រា នៅក្នុងមណ្ឌលក្រុងរបស់ខ្លួនបានយ៉ាងច្រើន២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ ការហែក្បួនព្យុហយាត្រា ត្រូវបានអនុញ្ញាតឲ្យធ្វើក្នុងក្របខណ្ឌសង្កាត់ទាំង ៥ នៃក្រុងកំពង់សោម រួមមាន សង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ៕