(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងមានការសោកស្ដាយក្រៃលែងបំផុត ជាមួយក្រុមគ្រួសារសពលោក ពៅ នេពីន និងលោក អឿន ចាន់ដារ៉ា ជាបុគ្គលិកបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានទទួលមរណភាព នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៧:៤៥ នាទីព្រឹក ក្នុងឧបទ្ទវហេតុផ្ទុះមីន អំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារទាំងអស់នៃសព ចំពោះការបាត់បង់រូបលោកទាំងពីរ ដែលតែងតែចូលរួមយ៉ាងសកម្មធ្វើពលីកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមនសិការដ៏មោះមុត អង់អាចក្លាហាន ក្នុងបុព្វហេតុសម្រាប់ជាតិរៀងរហូតមក។ ការបាត់បង់ លោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន គឺជាការបាត់បង់វីរជនដោះមីនដ៏អង់អាចក្លាហាន ដែលតែងតែលះបង់កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជន រស់នៅតំបន់ប្រឈមនឹងគ្រាប់មីន។

ស្ថិតក្នុងវេលាដ៏ក្រៀមក្រំបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន សូមបានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕