(ភ្នំពេញ)៖ លោកស្រី ឃី មុន្នី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ រួមគ្នាជួយទិញអង្ករខ្មែរ ដើ​ម្បីជួយដល់ប្រជាកសិករ ស្របពេលដែលស្រូវ OM5451 របស់កសិករ កំពុងជោរជន់ និងមានតម្លៃធ្លាក់ចុះទៅតម្លៃធម្មតាបើធៀបទៅនឹងតម្លៃស្រូវ OM5451 កាលពីឆ្នាំ២០២០។

លោកស្រី ឃី មុន្នី បានបញ្ជាក់ឱ្យដឹងថា ការធ្លាក់នៃតម្លៃស្រូវ OM5451 មិនមានអ្វីគួរឱ្យចម្លែកនោះទេ ដោយសារតម្លៃស្រូវប្រភេទនេះ​ពីមុនមក គឺមិនមាន​តម្លៃថ្លៃនោះទេ ទើបតែឆ្នាំ២០២៣ និង ឆ្នាំ២០២៤កន្លងទៅនេះ ដែលប្រទេសឥណ្ឌាបានបិទការនាំចេញអង្ករសរបស់ខ្លួន ទៅកាន់ទីផ្សារ ទើបធ្វើឱ្យទីផ្សារមានតម្រូវការស្រូវនេះជាខ្លាំង បានធ្វើឱ្យប្រទេសដែល​មានស្រូវ OM5451នេះ មានឱកាសលក់នៅក្នុងតម្លៃមួយដែលថ្លៃបាន តែពេលនេះឥណ្ឌា​បានបើកទីផ្សារនាំចេញអង្ករសរបស់ខ្លួនឡើងវិញ ទើបធ្វើឱ្យស្រូវនេះ មានការធ្លាក់ថ្លៃវិញ។

តែទោះយ៉ាងណាលោកស្រី ឃី មុន្នី ក្នុងនាមជាអគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ជួយទិញអង្ករដែលជារបស់ខ្មែរ ដើម្បីជួយដល់​ប្រជា​ពលរដ្ឋខ្មែរ ដោយលោកស្រីបានបញ្ជាក់ដូចនេះថា «មោះយុទ្ធនាការទិញអង្ករខ្មែរ មួយគ្រួសារជួយជាវ 200kg (4បេ) មួយបេ 50kg តម្លៃ 120,000រៀល Free ដឹកក្នុងក្រុងភ្នំពេញ បង្កើតការងារដល់អ្នកបើកតុកៗ​ទៀត»

លោកស្រី ឃី មុន្នី បានបញ្ជាក់ទៀតថា «ជួយហូបអង្ករខ្មែរពេលចាល់ ទិញទុកគ្រប់ផ្ទះ បានបុណ្យណាស់ កុំឱ្យបុណ្យបានតែខ្ញុំ មោះដាក់លេខ ដាក់ទីតាំង OM5451 ទីផ្សារក្នុងស្រុកខ្លះហៅម្លិះប្រាំង យ៉ាងណាហៅអី ហៅទៅអង្ករដាំ ដោយកសិករយើងខ្មែរដូចគ្នាទេ។ បញ្ជាក់បើជាវ គឺវិចខ្ចប់បេលាត 50kg ព្រោះបង្កើតម៉ាកមិនទាន់ទេ ។ តោះឆាប់បានលុយវិល ជួយទិញស្រូវកសិករ»

ខាងក្រោមនេះជាវីដេអូទាំងស្រុងរប​ស់លោកស្រី ឃី មុន្នី៖