(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅក្នុងពិធីសម្ពោធធនាគារ ARDB សាខាខណ្ឌដូនពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានថ្លែងពីការប្តេជ្ញាថានឹងបន្តបំពេញមុខងាររួមរបស់ខ្លួន ដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ពិធីសម្ពោធនេះ រៀបចំឡើងក្រោមវត្តមានរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាតំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក សុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ជ ដារិទ្ធ នាយកសាខាធនាគារជាតិនៃកម្ពុជា តំណាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា សមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលសរុបចំនួន ១៥០នាក់។
លោក រស់ សីលវ៉ា បានសម្តែងនូវការស្វាគមន៍ ចំពោះការដាក់ឱ្យដំណើរការ ប្រតិបត្តិការអាជីវកម្មរបស់សាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ខណ្ឌដូនពេញ សង្កាត់ចតុមុខ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពរីកចម្រើនទាំងទំហំ និងវិសាលភាពប្រតិបត្តិការធនាគារដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចជនបទ។
ជាមួយគ្នានោះ ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រ កបដោយភាពជោគជ័យនឹងមានប្រសិទ្ធភាព លោក រស់ សីលវ៉ា ក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បន្តយកចិត្តទុកដាក់លើការងារសំខាន់ៗចំនួន៧ចំណុច ដូចខាងក្រោម៖
ទី១៖ ជំរុញការអនុវត្តមុំទី៣ «ការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទ»» នៃបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា
ទី២៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បី អនុវត្តឱ្យសម្រេចបានលទ្ធផលល្អនូវភារកិច្ចទាំងឡាយដែលរាជរដ្ឋាភិបាល ប្រគល់ជូន
ទី៣៖ បន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងជំរុញការពង្រីកប្រតិបត្តិការ ធនាគារ តាមបែបឌីជីថល ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធុរកិច្ចឌីជីថល
ទី៤៖ ជំរុញការផ្តល់ហិរញ្ញប្បទានបៃតង ដើម្បីធានាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
ទី៥៖ បន្តកៀរគរប្រភពទុនបន្ថែម ពីប្រភពដែលមានសក្តានុពល ជាពិសេសប្រាក់បញ្ញើ
ទី៦៖ បន្តពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការធនាគារ តាមរយៈការបណ្តុះបណ្តាលជំនាញ ដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់បន្ថែមទៀត និង
ទី៧៖ បន្តជំរុញការផ្តល់ឥណទានឱ្យកាន់តែទូលំទូលាយ និងការបង្ខិតសេវាធនាគារឱ្យ កាន់តែកៀកនឹងអតិថិជន។
សម្រាប់បណ្ឌិត កៅ ថាច ក៏បានសម្តែងនូវសុទិដ្ឋិនិយមថា ការដាក់ឱ្យដំណើរការប្រតិបត្តិការ អាជីវកម្មរបស់សាខាខណ្ឌដូនពេញ-សង្កាត់ចតុមុខនេះ នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការផ្តល់សេវា ធនាគារឱ្យកាន់តែទូលំទូលាយ ផ្តល់ភាពងាយស្រួល និងខិតជិតអតិថិជន ដូចជា ការផ្តល់ឥណទាន, ការធ្វើប្រតិបត្តិការដក-ដាក់ប្រាក់បញ្ញើ, ការធ្វើប្រតិបត្តិការផ្ទេរប្រាក់, ការធ្វើប្រតិបត្តិការទូទាត់សងប្រាក់ និងប្រតិបត្តិការធនាគារផ្សេងៗទៀត។
ក្នុងនាមជាធនាគារបម្រើគោលនយោបាយ របស់រាជរដ្ឋាភិបាលធនាគារ ARDB នឹងបន្តបំពេញ មុខងារ រួមចំណែកគាំទ្រវិស័យកសិកម្ម ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាកសិករ និង អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោយផ្តោតសំខាន់លើចំណុចមួយចំនួន ដូចខាងក្រោម៖
១៖ បន្តការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ
២៖ បន្តការធ្វើបរិវត្តកម្មទៅជាធនាគារឌីជីថល ទាំងផ្នែកប្រតិបត្តិការ និងការផ្តល់សេវាកម្មជូន អតិថិជន
៣៖ ជំរុញការកៀរគរប្រភពទុន និងហិរញ្ញប្បទានបន្ថែម សម្រាប់ពង្រីកសកម្មភាពរបស់ធនាគារ និង
៤៖ ជំរុញផលិតភាពអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ តាមរយៈការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស៕