(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹនាំព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-កូរ៉េ បានដឹកនាំគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាការងារជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ ស្តីពីកិច្ចសហការរៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌កម្ពុជា-កូរ៉េ។

លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ថា កន្លងមកសភាកម្ពុជា-កូរ៉េមានកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ និងបានជួយគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។ ទន្ទឹមនេះ ព្រឹទ្ធសភាកម្ពុជា ក៏បានចុះអនុស្សារណៈជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ស្តីពីការផ្តល់ជំនួយមនុស្សធម៌ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនកម្ពុជា-កូរ៉េ។

លោកប្រធានគណៈប្រតិភូ បានមានប្រសាសន៍បន្តថា ពេលនេះមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េមានបំណងរៀបចំការប្រគំតន្ត្រីមនុស្សធម៌ដ៏ធំមួយ ក្នុងន័យរិតចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាផ្សព្វផ្សាយនូវសិល្បៈ វប្បធម៌ អរិយធម៌ និងទេសចរណ៍នៃប្រទេសយើងទាំងពីរ(កម្ពុជា-កូរ៉េ) នៅក្នុងខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

លោកបានគូសបញ្ជាក់ថា ការប្រគំតន្ត្រីសប្បុរសធម៌នេះ ពិតជាមានសារៈសំខាន់ណាស់ និងមានអត្ថន័យ ធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េកាន់តែស្អិតរមួតថែមទៀត ពិសេសទៅលើសង្គម សេដ្ឋកិច្ច វប្បធម៌ អរិយធម៌ និងទេសចរណ៍ផងដែរ។

តំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលបានឱ្យដឹងថា ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌នេះ គឺបានរៀបចំដោយជោគជ័យជាច្រើនលើកមកហើយចាប់តាំងពីឆ្នាំ២០១៧។

សម្រាប់ឆ្នាំ២០២៥នេះ នឹងមានការចូលរួមសម្តែងពីសិល្បៈករ សិល្បៈការីនីល្បីៗប្រចាំសាធារណរដ្ឋកូរ៉េ ដូចជាក្រុមតារាចម្រៀង K-Pop រួមទាំងតារាសិល្បៈល្បីៗនៃកម្ពុជាផងដែរ។

ព្រឹត្តការណ៍តន្ត្រីសប្បុរសធម៌ នឹងធ្វើការផ្សព្វផ្សាយផ្ទាល់ទៅកា ន់ ប៉ុស្តិ៍ទូរទស្សន៍ល្បីៗនៅប្រទេសកូរ៉េ ប្រទេសជប៉ុន ប្រទេសម៉ាឡេស៊ី និងប្រទេសហ្វីលីពីន។ ថវិកាដែលប្រមូលបានពីការលក់សំបុត្រឱ្យចូលទស្សនា នឹងជួយឧបត្ថម្ភគាំទ្រដល់វិស័យអប់រំ និងវិស័យ សុខាភិបាលនៅកម្ពុជា។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងស្វាគមន៍ចំពោះគម្រោងរៀបចំការប្រគំតន្ត្រីសប្បុរសធម៌កម្ពុជា-កូរ៉េនេះ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ មិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងទាក់ទាញដល់ភ្ញៀវទេសចរណ៍អន្តរជាតិមកចូលរួមទស្សនាយ៉ាងច្រើនកុះករ និងជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីចំណងមិត្តភាពកាន់តែជិតស្និតរវាងកម្ពុជា-កូរ៉េ។

លោកជឿជាក់ថា តាមរយៈព្រឹត្តការណ៍ប្រគំតន្ត្រីនេះ កិត្តិនា ម កម្ពុជានឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងជាគោលដៅទេសចរណ៍ នៅលើឆាកអន្តរជាតិ ពិសេសទៅទីផ្សារប្រទេសកូរ៉េ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងទេសចរណ៍សូមគាំទ្រ ស្វាគមន៍ និងចូលរួមសហការសម្របសម្រួលរៀបចំកម្មវិធីប្រគំតន្ត្រីជាលក្ខណៈអន្តរជាតិនេះ ឱ្យដំណើរការដោយរលូន និងបានទទួលជោគជ័យ៕