(ភ្នំពេញ)៖ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត, លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពរបស់ លោក អឿន ចាន់ដារ៉ា ដែលជាបុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា គ្រោះថ្នាក់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
សពអ្នកដោះមីន លោក អឿន ចាន់ដារ៉ា ត្រូវបានក្រុមគ្រួសារយកទៅរៀបចំពិធីបុណ្យតាមប្រពៃណីនៅផ្ទះស្ថិតក្នុងភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្នុងឱកាសសម្តែងនូវសមានទុក្ខនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ និងការសោកស្តាយជាទីបំផុតពី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារនៃសព លោក អឿន ចាន់ដារ៉ា ដែលបានពលីកម្មក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការងារបោសសម្អាតមីន ដើម្បីធានាបានឱ្យប្រជាពលរដ្ឋរស់នៅ ទទួលសុខសុវត្ថិភាពពីគ្រាប់មីន និងមានជីវភាពរស់នៅល្អប្រសើរ តាមរយៈការរួមចំណែកក្នុងការប្រែក្លាយដីមីន ទៅជាដីមាស។
ទេសរដ្ឋមន្ត្រី លី ធុជ បានចាត់ទុកការបាត់បង់វីរ:ជនដោះមីនរបស់យើង គឺជាការបាត់បង់អ្នកបម្រើដ៏ស្មោះត្រង់ ដែលតែងតែហ៊ានលះបង់គ្រប់បែបយ៉ាង និងធ្វើការប្រកបដោយហានិភ័យខ្ពស់ ដើម្បីប្រជាជនខ្មែរដូចគ្នា។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យបងប្អូនអ្នកដោះមីនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពតាមបទដ្ឋានបច្ចេកទេស ក្នុងអំឡុងពេលប្រតិបត្តិការ បោសសម្អាតមីន។ ចាប់ពីឆ្នាំ១៩៩៧ មានបុគ្គលិកដោះមីនចំនួន ១៥៨នាក់ រងឧបទ្ទវហេតុគ្រោះថ្នាក់ក្នុងអំឡុងពេលប្រតិបត្តិការ ក្នុងនោះ ស្លាប់ចំនួន ៣៣នាក់ និងរបួស ពិការ ចំនួន ១២៥នាក់៕