(កំពត)៖ «ស្រុកបន្ទាយមាស» ខេត្តកំពត ត្រូវបានប្រកាសជាស្រុកគ្មានផ្សែងដំបូងគេនៅកម្ពុជា។ ការប្រកាសនេះបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅបរិវេណវត្តសុវណ្ណបទុម ស្ថិតក្នុងឃុំបន្ទាយមាស ខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ក្រោមវត្តមានលោក ប៉ោ និមល អនុរដ្ឋលេខាធិការតំណាងលោក កែវ រតនៈ រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពល ព្រមទាំងមានការចូលរួមពីលោក នូ ច័ន្ទដា អភិបាលស្រុកបន្ទាយមាស តំណាងលោកអភិបាលខេត្ត ម៉ៅ ធនិន និងលោកស្រីបណ្ឌិត អាឡេចសូនត្រា មេនឌឺប៉ាម នាយិកាអង្គការ SNV ប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ លោក- លោកស្រី ប្រតិភូអមដំណើរ តំណាងអង្គការ ក្រៅរដ្ឋាភិបាល និងគណៈប្រតិភូអន្តរជាតិ, មន្ទីរនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋព្រះសង្ឃ លោកតាជី យាយជី និងអ្នកពាក់ព័ន្ធជិត១ពាន់នាក់។
លោកស្រី Alexandra Mandelbaum នាយិកាប្រចាំប្រទេស នៃអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) ប្រចាំកម្ពុជា បានថ្លែងថា អង្គការអភិវឌ្ឍន៍ហូឡង់ (SNV) នៅកម្ពុជា បានធ្វើការជាមួយរដ្ឋបាលស្រុកបន្ទាយមាស ដើម្បីសម្រេច បាននូវសមិទ្ធផលដ៏សំខាន់មួយ ក្នុងនាមជាស្រុកដំបូងគេនៅកម្ពុជា ដែលត្រូវបានប្រកាសថាជាស្រុកគ្មានផ្សែងទាំងស្រុង។
ជោគជ័យដ៏ឧត្តុងឧត្តមនេះ គឺជាលទ្ធផលចុងក្រោយក្នុងស្រុកបន្ទាយមាសនៃកម្មវិធីភូមិគ្មានផ្សែង (SFV) ដែលបានចាប់ផ្តើមនៅឆ្នាំ២០២២ ជាមួយនឹងគោលដៅខ្ពស់ ក្នុងការកាត់បន្ថយផលប៉ះពាល់ផ្នែកសង្គម សេដ្ឋកិច្ច បរិស្ថាន និងសុខភាព នៃការអនុវត្តចម្អិនអាហារបែបប្រពៃណី។
លោកស្រីបានបញ្ជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) អាជ្ញាធរមូលដ្ឋាន និងសហគមន៍គ្រួសារជាង៨៥% នៅក្នុងស្រុកបន្ទាយមាសឥឡូវនេះចម្អិនអាហារដោយប្រើប្រាស់ឥន្ធនៈស្អាត បើប្រៀបធៀបទៅនឹងពេលចាប់ផ្តើមកម្មវិធីដែលមាន៤១%។ ការផ្លាស់ប្តូរនេះបានជះឥទ្ធិពលវិជ្ជមានដល់ជីវិតប្រជាជនចំនួន ៩២,០០០នាក់ ដោយកាត់បន្ថយការប៉ះពាល់នឹងផ្សែង ខណៈពេលដែលធ្វើឱ្យប្រសើរឡើងនូវសុខភាព ភាពងាយស្រួល និងជីវភាពរស់នៅ។
លោកស្រីថា «ការសម្រេចបាននូវសមិទ្ធផលនេះ ឆ្លុះបញ្ចាំងពីថាមពល នៃការផ្លាស់ប្តូរដែលជំរុញដោយសហគមន៍ និងបង្ហាញពីភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងការដោះស្រាយថាមពលប្រកបដោយចីរភាព។ ខ្ញុំមានបំណងជំរុញ កិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នានេះ នៅទូទាំងពិភពលោក ដោយបង្ហាញពីឥទ្ធិពលនៃគំនិតផ្តួចផ្តើមចម្អិនអាហារស្អាត»។
ដោយមានការគាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍ថាមពល (EnDev), Lien Aid និង FRANKE កម្មវិធីភូមិគ្មានផ្សែង (SFV) ត្រូវបានអនុវត្តនៅក្នុងភូមិចំនួន៤៨៧ នៅក្នុងខេត្តចំនួន៤៖ កំពត កំពង់ស្ពឺ សៀមរាប និងបាត់ដំបង។ សមិទ្ធផលរបស់ស្រុកបន្ទាយមាស បម្រើជាគំរូក្នុងការជំរុញ និងលើកទឹកចិត្តសម្រាប់ស្រុកផ្សេងទៀតទូទាំងប្រទេសកម្ពុជា។
លោក នូ ច័ន្ទដា អភិបាលស្រុកបន្ទាយមាស បានលើកឡើងថា គម្រោងភូមិគ្មានផ្សែង បានធ្វើការប្រជុំត្រីមាសជាទៀងទាត់ (ខែម្ដង) ដើម្បីប្រមូលទិន្នន័យពីគណៈកម្មការភូមិ។ លទ្ធផលបានបង្ហាញឲ្យឃើញថាក្នុងឈរមាសទី២ ឆ្នាំ២០២៤ ស្រុកបន្ទាយមាស បានបន្តរក្សាការប្រើប្រាស់ចង្ក្រានគ្មានផ្សែង និងបានចុះវាយតម្លៃដល់ឃុំ ដែលមិនទាន់ប្រកាស ជាលទ្ធផល ក្នុងឆ្នាំ២០២៤ គម្រោងបានប្រកាសឃុំគ្មានផ្សែង សរុបឃុំចំនួន១១ឃុំបន្ថែម។
នៅចុងខែតុលា ឆ្នាំ២០២៤ គម្រោងបានធ្វើការវាយតម្លៃការប្រើប្រាស់ចង្ក្រានគ្មានផ្សែងរបស់ប្រជាពលរដ្ឋទូទាំងស្រុក ភូមិចំនួន ៦ភូមិ (១៥% នៃភូមិសរុបក្នុងស្រុក) ត្រូវបានជ្រើសរើសជាសំណាក់ ដើម្បីត្រួតពិនិត្យ ជាលទ្ធផល បានរកឃើញថា ស្រុកបន្ទាយមាស ពិតជាមានប្រជាជនប្រើប្រាស់ចង្ក្រានគ្មានផ្សែងច្រើនជាង ៨៥% ដើម្បីប្រកាសជាស្រុកគ្មានផ្សែង។
ក្នុងឱកាសនោះ លោក ប៉ោ និមល បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការអភិវឌ្ឍន៍ហូឡង់ SNV និងបងប្អូនអាជីវករ ផ្គត់ផ្គង់ចង្ក្រាន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍលើវិស័យមួយចំនួននៅកម្ពុជា ក្នុងការផ្សព្វផ្សាយដល់ប្រជាជនកម្ពុជា នៅតាមជនបទឲ្យបានយល់ដឹងអំពីសារៈប្រយោជន៍នៃការចម្អិនស្អាត ការផ្លាស់ប្ដូរឥរិយាបថក្នុងការចម្អិនតាមបែបប្រពៃណី ដោយដុតអុស ធ្យូង បែរមកប្រើប្រាស់ចង្ក្រានឧបករណ៍ចំអិនអគ្គិសនីវិញ។
លោកបន្តថា គម្រោងភូមិគ្មានផ្សែងរបស់អង្គការអភិវឌ្ឍន៍ SNV ពិតជាបានចូលរួមគាំទ្រដោយផ្ទាល់ដល់ការសម្រេចគោលដៅ ដល់គោលនយោបាយថាមពល របស់ក្រសួងរ៉ែ និងថាមពល ក៏ដូចជារាជរដ្ឋាភិបាល សម្រាប់រយៈពេលខ្លី និងរយៈពេលវែង។ ក្រសួងរ៉ែ និងថាមពល បានវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូរបស់ខ្លួន ជាមួយអង្គការ SNV ហើយនឹងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការ ក្នុងការសម្រេចបានអនាគតថាមពល ប្រកបដោយនិរន្តរភាពនិងសមធម៌សម្រាប់កម្ពុជា។
លោកនឹងសង្ឃឹមថា អស់លោក-លោកស្រី តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធទាំងអស់នឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងគ្រប់កម្រិតពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហពន្ធ ក្នុងការជំរុញផ្លាស់ប្ដូរឥរិយាបទ របស់ប្រជាពលរដ្ឋ មករកការចំអិនស្អាត និងជាចំណែកដ៏សំខាន់ក្នុងការប្រើប្រាស់ថាមពលស្អាតនៅក្នុងប្រទេសកម្ពុជា ដើម្បីឈានវិវត្តទៅរកសហគមន៍ ដឹកនាំគាំទ្រអត្ថប្រយោជន៍សុខភាពសេដ្ឋកិច្ច។
លោកអនុរដ្ឋលេខាធិការ ក៏បានលើកបញ្ជាក់ទៀតថា សម្រាប់ខេត្តកំពត ការផ្គត់ផ្គង់អគ្គិសនី ដល់បណ្ដាភូមិ បានចំនួន ៤៨៥ភូមិ នៃភូមិសរុបចំនួន ៤៨៨ភូមិ គឺនៅសល់តែ ៣ភូមិប៉ុណ្ណោះ ដែលស្ថិតនៅក្នុងស្រុកឈូក អត់មានភ្លើងអគ្គិសនីប្រើប្រាស់។ ដោយសារ ៣ភូមិនោះ ស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាល សេវាពិបាកក្នុងការវិនិយោគ ដោយចំណាយថវិកាធ្វើអស់ច្រើន ហើយពាក់ព័ន្ធស្ថានភាពសេដ្ឋកិច្ច។ ដូច្នេះវាគ្របដណ្ដប់ ការប្រើប្រាស់អគ្គិសនីស្ទើរតែ ១០០% ហើយ ដែលពលរដ្ឋអាចប្រើប្រាស់ឧបករណ៍ចម្អិន ដោយប្រើអគ្គិសនីជំនួសអុស ខ្យូង ឈានទៅកាត់បន្ថយផ្សែង ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន៕