(បន្ទាយមានជ័យ)៖ អនុវត្តតាមការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ បោន ភក្រ្តា អធិការរងទទួលផែនការងារសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងនាំយកកាំមេរ៉ាសុវត្ថិភាពចំនួន១៤គ្រាប់ បំពាក់នៅផ្លូវបំបែកជាបីចំណុចភ្លើងស្តុបពីគោលដៅ និងចែកមួកសុវត្ថិភាពចំនួន២០០មួក ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត។
ក្នុងពិធីនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ទោ បោន ភក្រ្តា បានឲ្យដឹងថា កាមេរ៉ាសុវត្ថិភាពចំនួន១៤គ្រាប់ ជាការឧបត្ថម្ភពីលោក គ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងមួកសុវត្ថិភាពចំនួន២០០មួក ជាអំណោយរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
កាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់នេះធ្វើឡើងនៅគោលដៅចំនួន២ រួមមាន គោលដៅទី១៖ ចំណុចភ្លើងស្តុបផ្សារកណ្ដាល ស្ថិតនៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត និងគោលដៅទី២៖ បំពាក់ចាប់ដាក់ចំណុចភ្លើងស្តុបអេស៊ីលីដា ស្ថិតនៅក្នុងភូមិបាលេលិយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ បោន ភក្រ្តា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបើកបរម៉ូតូលើដងផ្លូវជាតិ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ក្នុងការបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងបើកបរកុំវ៉ាជែងត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕