(សៀមរាប)៖ នៅព្រឹកថ្ងៃសុក្រ ទី ១៧ ខែមករា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញ ដឹកនាំគណៈប្រតិភូ សមាជិក អាជ្ញាធរទន្លេសាប ដែលជាតំណាងក្រសួងស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធធ្វើដំណើរទស្សនកិច្ច ទៅកាន់តំបន់បឹងទន្លេសាប ដើម្បីចុះសិក្សា ស្វែងយល់ ពីបង្គោលព្រំការពារដែនព្រៃលិចទឹក និង ព្រៃលិចទឹកតំបន់៣ សហគមន៍ អភិរក្ស ជីវៈចម្រុះ បឹងពារាំង និងស្ថានីយបូមទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាត របស់រដ្ឋាករទឹកស្វយ័ត សៀមរាប ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូអន្តរក្រសួង បានអញ្ជើញចុះពិនិត្យបង្គោលព្រំតំបន់៣ និងតំបន់អភិរក្ស ជីវៈចម្រុះបឹងពារាំង ព្រមទាំងជួបសំណេះសំណាល ជាមួយសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង ដែលបង្កើតឡើងតាំងពីឆ្នាំ២០១៦ ស្ថិតនៅប៉ែកខាងត្បូង ជាប់បឹងទន្លេសាបក្នុងតំបន់៣ ក្នុងភូមិសាស្ត្រ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
លោករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ក្នុងខេត្តសៀមរាប បន្ទាប់ពីការផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាពឆ្នាំ២០២៤ ទំហំផ្ទៃដីបឋមតំបន់១ មានទំហំ៦៦៧០០,៩០ហិកតា តំបន់២ មានទំហំ ៩០៣៥២ ហិកតា និងតំបន់៣ មានទំហំ១០០៨០៥,៦០ហិកតា ព្រមទាំងមានបង្គោលព្រំតំបន់៣ចំនួន ២៩៩បង្គោល ដែលត្រូវបានបោះចប់សព្វគ្រប់ ១០០% កាលពីឆ្នាំ ២០២៤ ហើយ នៅឆ្នាំ២០២៥នេះ ក្រុមការងារនឹងបន្តបោះបង្គោល ព្រំតំបន់២ ចំនួន៤៧២បង្គោលទៀត។
ឆ្លើយតបទៅនឹងសំណូមពរ របស់សហគមន៍ ស្នើសុំដើម្បីធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធនានាមានជាអាទិ៍ ប្រឡាយទឹក និងផ្លូវធ្វើដំណើរជាដើម លោករដ្ឋមន្ត្រីប្រធានអាជ្ញាធរទន្លេសាបបានលើកឡើងបញ្ជាក់ថា នៅក្នុងតំបន់៣នេះ ច្បាប់បានចែងយ៉ាងច្បាស់ជាតំបន់ហាមឃាត់ដាច់ខាត មិនអាចប៉ះពាល់បានទេ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី និង គណៈប្រតិភូព្រមទាំងអាជ្ញាធរមូលដ្ឋាន ក៏បានធ្វើទស្សនកិច្ចនៅស្ថានីយបូមទឹកជ្រាវដែលបម្រើឱ្យការ ផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តសៀមរាប ស្ថិតនៅជាប់មាត់បឹងទន្លេសាបក្នុងតំបន់៣ ក្នុងភូមិសាស្ត្រ សង្កាត់ជ្រាវ ក្រុងសៀមរាប។
លោករដ្ឋមន្ត្រី បានស្នើឱ្យ រដ្ឋាករទឹកស្វយ័តខេត្តសៀមរាបរៀបចំ ធ្វើបច្ចុប្បន្នភាពលើ បរិមាណតម្រូវការទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃក្នុងខេត្តសៀមរាប នៅរដូវប្រាំង និង រដូវវស្សា ដោយធ្វើការសិក្សាទាំងតម្រូវការ ក្នុងបណ្តាញ និងក្រៅបណ្តាញ ហើយរាយការណ៍មក ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជាឯកសារយោងក្នុងការធ្វើផែនការវិនិយោគនាពេលអនាគត៕