(ភ្នំពេញ)៖ ក្រុមល្បាតចល័តដើម្បីពិនិត្យជាតិស្រវឹងលើអ្នកបើកបរតាមដងផ្លូវ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវបានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចឲ្យបំពេញប្រតិបត្តិការហើយចាប់ពីពេលនេះតទៅ ដើម្បីទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ ដែលភាគច្រើនបង្កដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News បានអះអាងថា ក្រុមនគរបាលល្បាតចល័តដើម្បីពិនិត្យជាតិស្រវឹងលើកអ្នកបើកបរនេះ នឹងបំពេញការងារដោយមិនកំណត់ពេលវេលា និងទីតាំងជាក់លាក់នោះទេ ពោលឲ្យតែឃើញអ្នកបញ្ជាយានយន្ដរូបណាសង្ស័យ គឺនគរបាលនឹងបញ្ឈប់មធ្យោបាយ ហើយពិនិត្យរកសារស្រវឹងភ្លាមៗតែម្ដង។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងបង្កើតក្រុមសមត្ថកិច្ចចល័ត ដើម្បីតាមពិនិត្យអនុវត្តលើអ្នកដំណើរទាំងឡាយណា ដែលសមត្ថកិច្ចមានការសង្ស័យថា មានជាតិស្រវឹង ទោះអ្នកទាំងនោះមិនធ្វើដំណើរឆ្លងកាត់ដាក់គោលដៅអនុវត្តក៏ដោយ»។
ជាមួយវិធានការជំនាញមិនទាន់គ្រប់គ្រងនោះទេ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ការចូលរួមរបស់ប្រជាពលរដ្ឋក៏ជាកត្តាចាំបាច់បំផុត ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ លើសពីនេះ កម្លាំងសមត្ថកិច្ចជំនាញក៏បន្ដនូវវិធានការផ្សព្វផ្សាយអប់រំ អំពីច្បាប់ចរាចរណ៍ឲ្យកាន់តែផុលផុសបន្ថែមទៀតផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋបានស្វែងយល់កាន់តែច្បាប់ និងពង្រឹងស្មារតីគោរពច្បាប់។
សូមស្ដាប់ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖