(ភ្នំពេញ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានសំណូមពរដល់កម្មសិក្សាការីទើបបញ្ចប់វគ្គសិក្សាត្រូវបង្កេីត ឬពង្រីកគម្រោងដើម្បីផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។
ការសំណូមពរបែបនេះរបស់លោក យក់ ប៊ុនណា បានធ្វើឡើងក្នុងបទបង្ហាញស្ដីពីការចុះអនុវត្តការងារសង្គមរបស់កម្មសិក្សាការីបញ្ចប់វគ្គវិក្រឹតការឆ្នាំ២០២៤ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ កម្មវិធីនេះមានការអញ្ជេីញចូលរួមពីគណៈគ្រប់គ្រងសាលាមានលោក សុខ សេងយ៉ន លោក ស៊ុង វិនទិ លោក សាលី វណ្ណប៉ុក និងកម្មសិក្សាការីនៃ ១៖ វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ថ្នាក់វិន័យ ២៖ វគ្គវិក្រឹតការមន្ត្រីមធ្យមថ្នាក់គុណភាព ថ្នាក់គុណធម៌ និងថ្នាក់នវានុវត្តន៍ ៣៖ វគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាលថ្នាក់មេត្តានិង៤៖ វគ្គវិក្រឹតការមន្រ្តីក្រមការថ្នាក់ករុណា។
ក្នុងពិធីនោះដែរ កម្មសិក្សាការីមន្ត្រីមធ្យមថ្នាក់នវានុវត្តន៍ បានលេីកយកនូវការងារសង្គមក្រោមប្រធានបទ ស្លាកលេខផ្ទះក្រោមម្លប់សន្តិភាព ដោយបានបង្ហាញពីភាពជោគជ័យ ដែលបានមកពីស្មារតីសាមគ្គីភាព ប្រកបដោយស្នាមញញឹម និងអនុស្សាវរីយ៍ បទពិសោធន៍ ចំណេះដឹងទី១៖ បង្កើតឱ្យមានកិច្ចសហការល្អរវាងកម្មសិក្សាការីថ្នាក់នវានុវត្តន៍ និងអាជ្ញាធរមូលដ្ឋាន, ទី២៖ ទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀតពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ, ទី៣៖ ផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងទាំងចំណេះដឹង ចំណេះធ្វើ សម្រាប់ចូលរួមលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជាផ្នែកមួយផ្សារភ្ជាប់ទ្រឹស្តី ទៅនិងសង្គមជាក់ស្តែង, ទី៤៖ ចេះធ្វើផែនការសកម្មភាព ផែនការថវិកា ចេះស្រឡាញ់គ្នា យកគោរពស្មារតីសម្រេចជា ក្រុមប្រកបដោយភាតរភាព ដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍសង្គម និងទី៥៖ ចេះប្រឹក្សាស្វែងយល់ពីជីវភាពរបស់ប្រជាពលរដ្ឋ និងផ្តល់អត្ថប្រយោជន៍អំពីសកម្មភាព មនុស្សធម៌ដល់ប្រជាពលរដ្ឋក្នុងភូមិជាក់ស្តែង។
ថ្លែងក្នុងនាម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ, លោក យក់ ប៊ុនណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់កម្មសិក្សាការីវគ្គវិក្រឹតការឆ្នាំ២០២៤ ទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពវិន័យ ឧស្សាហ៍ព្យាយាមនិងបានចូលរួមនៅសកម្មភាពសង្គមដើម្បីទទួលយកនូវបទពិសោធន៍ ចំណេះដឹងសម្រាប់ទៅអភិវឌ្ឍន៍មូលដ្ឋានក៏ដូចជាការងាររបស់ខ្លួននៅតាមអង្គភាពស្ថាប័នវិញ។
លោក យក់ ប៊ុនណា បានថ្លែងបន្តថា ការចូលរួមការងារសង្គម គឺពិតជានាំមកនៅបទពិសោធន៍និងចំណេះដឹងច្រើន ដែលកើតចេញពីការជំនះរាល់ឧបសគ្គនិងបញ្ហាលំបាកទាំងឡាយដែលបានជួបប្រទះក្នុងការអនុវត្តការងារជាក់ស្ដែងសម្រាប់ខ្លួនយើងហើយការលំបាកដែលយើងឆ្លងកាត់នេះជាបទពិសោធន៍និងសូមសំណូមពរដល់កម្មសិក្សាការី ទាំងអស់ពេលត្រឡប់ទៅកាន់ក្រសួង អង្គភាព របស់ខ្លួនវិញត្រូវយកចំណេះដឹងបទពិសោធន៍នៃការកសាងគម្រោងនេះទៅអនុវត្តហើយអ្នកដែលមិនធ្លាប់បង្កើតនូវគម្រោងត្រូវតែខិតខំបង្កើតគម្រោង ចំពោះអ្នកដែលធ្លាប់បង្កើតគម្រោងហើយត្រូវពង្រីកនូវគម្រោងរបស់ខ្លួនឲ្យបានកាន់តែធំសំដៅចូលរួមកសាងបាននូវសង្គមឬសហគមន៍មួយរីកចម្រើនជាមួយនិងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ទទួលបានការសាទរបន្ថែមទៀតពីប្រជាពលរដ្ឋក៏ដូចជាមិត្តរួមការងារទាំងអស់៕