(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន ចូលជួប​សម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីបានសម្ដែងការពេញចិត្តចំពោះភាព​ល្អប្រសើរ​នៃ​ទំនាក់ទំនងប៉ាគីស្ថាន និងកម្ពុជា។ លោករដ្ឋមន្ត្រី បានលើកឡើងថា វឌ្ឍន​ភាព​នេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ​ជាច្រើន​រវាង​ប្រទេសទាំងពីរ។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានគោរពជម្រាបសម្ដេច​បវរធិបតីថា ទស្សនកិច្ចរបស់លោក និងគណៈប្រតិភូនៅកម្ពុជានាពេលនេះ បានផ្ដល់នូវបទពិសោធន៍ល្អៗជាច្រើន ហើយលោកបានសង្កេតឃើញពីភាព​ប្រហាក់ប្រហែលគ្នានៃវិស័យជាច្រើនរបស់ប៉ាគីស្ថាន និងកម្ពុជា។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់​លោក ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគី​ស្ថានលើកទី១ នៅកម្ពុជា ដែលកិច្ចប្រជុំនេះនឹងមានជំនួបរវាងសហគមន៍​ធុរកិច្ចប៉ាគីស្ថាន និងកម្ពុជា ដែលនឹងចូលរួមចំណែកបង្កើតជាកាលា​នុវត្ត​ភាព​វិនិយោគបន្ថែមទៀតសម្រាប់ធុរជនប្រទេសទាំងពីរ ក៏ដូចជាការ​ពង្រឹង​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតីបានវាយតម្លៃខ្ពស់ និងពេញចិត្ត​ចំពោះ​ទំនាក់ទំនងប្រទេសទាំងពីរ ហើយតាមរយៈកុច្ចប្រជុំគណៈកម្មាធិការពាណិជ្ជ​កម្មចម្រុះកម្ពុជា-ប៉ាគីស្ថានលើកទី១ បានឆ្លុះបញ្ចាំងពីការរីក​ចម្រើននៃទំនាក់​ទំនងកម្ពុជា-ប៉ាគីស្ថាន។ ទន្ទឹមនឹងនោះ សម្ដេចមហាបវរធិបតីបានគូស​បញ្ជាក់​ថា កិច្ចប្រជុំនេះមិនត្រឹមតែជួយពង្រីកកាលានុវត្តភាពវិនិយោគ​ប៉ុណ្ណោះទេ ថែមទាំងជួយពង្រីកកិច្ចសហប្រតិបត្តិលើវិស័យសក្ដានុពល​ផ្សេងៗទៀត រវាងកម្ពុជានិងប៉ាគីស្ថាន។

សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់អំពីការគាំទ្រ និងវិធានការនានា​ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីធានាដល់ភាពជោគជ័យ​របស់វិស័យឯកជននៅកម្ពុជា ដោយសម្ដេចនាយករដ្ឋមន្ត្រី បានលើក​ឡើង​ថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ដល់ការជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា ដែល​លេីកកម្ពស់​ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ។

សម្ដេចមហាបវរធិបតី និងលោករដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន ក៏បាន​ពិភាក្សា​ពី​ការ​ជំរុញ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើ​វិស័យ​សំខាន់ជាច្រើនរួមមាន​ជាអាទិ៍​៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល​ អប់រំ កសិកម្ម បច្ចេកវិទ្យា កម្មន្តសាល ទេសចរណ៍ និងការតភភ្ជាប់រវាងប្រជាជននិងប្រជាជន៕