(កំពង់ចាម)៖ តាងនាមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំវេទិកាសាធារណៈ និងជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី បានពាំនាំនូវ សេចក្ដីនឹករលឹក និងសាកសួរសុខទុក្ខ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះបង ប្អូនប្រជាពលរដ្ឋឃុំតាំងក្រសាំង ព្រមទាំងបានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី។
ទេសរដ្ឋមន្រ្តី លី ធុជ បន្តទៀតថា សម្តេចធិបតី បាននឹងកំពុងបន្តរក្សាសន្តិភាព និងដឹកនាំការអភិវឌ្ឍជាតិមាតុភូមិ ជាពិសេសបានបង្កើតឱ្យមានរដ្ឋាភិបាលតែមួយ និងសមិទ្ធផលតែមួយ សម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរចំពោះក្រុមការងារ ចុះមូលដ្ឋានឃុំតាំងក្រសាំង ដែលបានស្ម័គ្រចិត្តចូលរួមដឹកនាំមូលដ្ឋានឃុំតាំងក្រសាំង ក្នុងការកសាង និងបង្កើតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសចូលរួមឆ្លើយតបនូវបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ទេសរដ្ឋមន្រ្តី លី ធុជ ណែនាំឱ្យក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ បន្តកសាងនូវភាពស្អាតស្អំជាមួយប្រជាពលរដ្ឋ តាមរយៈទទួលយកនូវសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីយកមកធ្វើការដោះស្រាយ និងឆ្លើយតបឱ្យទាន់ពេលវេលា តាមកម្រិត និងតម្រូវការចាំបាច់ជាអាទិភាព។
ទេសរដ្ឋមន្រ្តី ក៏បានដាស់តឿនឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវគិតពីផលប្រយោជន៍រួមរបស់សហគមន៍ និងហ៊ានតស៊ូមតិ ដើម្បីសហគមន៍៕