(ភ្នំពេញ)៖ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ គឺជាថ្ងៃទី៤ នៃយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។

នៅថ្ងៃនេះ មានតែគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត តាមរយៈការចាក់មេក្រូផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សនៅតាមទីស្នាក់ការគណបក្សនៃឃុំទាំង៥ នៃក្រុងកំពង់សោម។

ដោយឡែក គណបក្សនយោបាយ ៣ផ្សេងទៀតរួមមាន គណបក្សឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ពុំមានធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ។

នេះបើតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ សម្រាប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដែលជាថ្ងៃទី៥ នៃយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតក្នុងថ្ងៃទីប្រាំនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អគ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ 

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតឡើងវិញ ឆ្នាំ២០២៥ មានរយៈពេល៨ ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ខែមករា ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥៕