(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសពព្រះរាជហរទ័យ ប្រោសព្រះរាជទានសារជូនពរ ចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥នេះ។

ព្រះរាជសារជូនពររបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានខ្លឹមសារដូចតទៅ៖ «ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ លោកជំទាវបណ្ឌិត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ខ្ញុំមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង សូមអបអរសាទរ និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនលោកជំទាវបណ្ឌិត សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បី ជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ខ្ញុំសូមកោតសរសើរដ៏ស្មោះជូន លោកជំទាវបណ្ឌិត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ប្រកបដោយគុណធម៌ គំរូវីរភាពដ៏ល្អប្រពៃ ទេពកោសល្យដ៏ឧត្តុង្គឧត្តម និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមដឹកនាំចលនាកាកបាទក្រហមកម្ពុជា និងសមាគមកាយឫទ្ធិ នារីកម្ពុជា ជាពិសេសចូលរួមយ៉ាងសកម្មក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ទទួលបាននូវលទ្ធផលល្អប្រសើរ និងជោគជ័យយ៉ាងត្រចះត្រចង់។

ជាថ្មីម្តងទៀត ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមប្រសិទ្ធ ពរជ័យ សិរីមង្គល សូម លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងបុត្រា-បុត្រី សូម បានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវបណ្ឌិត ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ»៕