(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានសពព្រះទ័យ ផ្ញើសារជូនពរ ចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥នេះ។

សារលិខិរបស់សម្តេចម៉ែ មានខ្លឹមសារដូចតទៅ៖ «នៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ លោកជំទាវបណ្ឌិត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហា ប្រសើរ ជូនលោកជំទាវបណ្ឌិត សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ ជូនប្រជាជាតិ និងប្រជាជនកម្ពុជា។

ខ្ញុំសូមកោតសរសើរដ៏ស្មោះ ជូន លោកជំទាវបណ្ឌិត ដែលជាថ្នាក់ដឹកនាំមួយរូប ប្រកប ដោយគុណធម៌ សប្បុរសធម៌ និងមានឆន្ទៈដ៏មោះមុត បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ក្នុងការចូលរួមចំណែកយ៉ាងសកម្មបម្រើប្រទេស ជាតិ និងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ព្រមទាំងសមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ។

ជាថ្មីម្តងទៀត ក្នុងឱកាសដ៏ថ្លៃថ្លា នៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមប្រសិទ្ធពរ សូម លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងបុត្រា-បុត្រី សូមបានប្រកបតែនឹង ព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវបណ្ឌិត ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ»៕