(រដ្ឋចូហូរ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកស្រី MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ដើម្បីពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។
ជំនួបពិភាក្សានេះធ្វើឡើងនាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅរដ្ឋចូហូរ ប្រទេសម៉ាឡេស៊ី។
ភាគីទាំងពីរបានពិនិត្យលើកម្មវិធីអនុវត្តអនុស្សរណៈយោគយល់គ្នា ដើម្បីពន្លឿនការចុះហត្ថលេខាកម្មវិធីអនុវត្តអនុស្សរណៈយោគយល់គ្នានេះក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ភាគីទាំងពីរក៏បានឯកភាពជំរុញរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ហ្វីលីពីនក្នុងពេលដ៏ខ្លីខាងមុខ និងជំរុញការតភ្ជាប់ជើងហោះហើរត្រង់បន្ថែមទៀតរវាងគោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ៕